នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចុះបង្ក្រាប់ទីតាំងទទួលបញ្ចំម៉ូតូ ០២ទីតាំង ដកហូតម៉ូតូចំនួន ជាង៥០០គ្រឿងនិងឃាត់ខ្លួនមនុស្សចំនួន០៧នាក់
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនៅទីតាំងទទួលបញ្ចាំចំនួន០២ទីតាំងនៅតំបន់ឃ្លាំងរំសេវដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ។

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះឡោមព័ទ្ធ ចុះបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០ គ្រឿងនិងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។

ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រានៃក្រសួងមហាផ្ទៃបានធ្វើឡើងនៅទីតាំងឃ្លាំងលេខ៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និង ទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាម៉ូតូដែលខ្លួនកាប់ប្លន់បាន យកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវ។

ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួនពីទីតាំង។

សូមបញ្ជាក់ផងដែរនៅក្នុងប្រតិបត្តិការនេះទីតាំងទីមួយដែលស្ថិតនៅទីតាំងឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរនិងសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរងចាំអនុវត្តតាមនីតិវិធីបន្ត៕


Telegram