រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខណៈកម្មករអូសរទេះបន្លែម្នាក់ ដេកដួលលើដីក្អួតឈាមស្លាប់ ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចចិញ្ចើមផ្លូវលេខ៣៣៦ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស មុខរបរជាកម្មករអូសរទេះ ។
ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ យ៉ា ចាន់វាសនា ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាការពារភូមិបានឲ្យដឹងថា ជនរងគ្រោះជាកម្មករអូសរទេះនៅផ្សារនាគមាស ហើយតែងតែផឹកស្រាជារៀងរាល់ថ្ងៃ, លុះនៅវេលាម៉ោងប្រហែល១០និង២០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ មានមនុស្សប្រាប់គាត់ថា ឃើញជនរងគ្រោះអង្គុយនៅចិញ្ចើមផ្លូវមានអាការៈមិនស្រួល ទើបគាត់បានទៅមើលហើយទិញទឹកឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបាននិយាយស្ដីអ្វីទេ, លុះដល់វេលាម៉ោងប្រហែល១០និង៥០នាទី ថ្ងៃដដែល គាត់បានមកមើលជនរងគ្រោះម្ដងទៀត ឃើញជនរងគ្រោះដេកស្លាប់នៅលើចិញ្ចើមផ្លូវបាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ភ្លាមៗគេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យសាកសព ឃើញសពស្លាប់ផ្ងារនៅលើចិញ្ចើមផ្លូវ នៅលើថ្នល់ក្បែរខ្លួនសាកសពមានស្នាមឈាម និងឈាមស្រក់ជាតំណក់ៗតូចៗ គ្មានពាក់អាវ ស្លៀកខោជើងខ្លី សាកសពមានសភាពទន់, នៅលើខ្លួនមានស្នាមចាក់សាក់រូបសត្វនាគ, នៅក្នុងមាត់មានឈាម លើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយក្អួតឈាមធ្ងន់ធ្ងរ អាចបណ្ដាលមកពីជម្ងឺរលាកក្រពះ នៅលើអ្នកញៀនស្រារ៉ាំរ៉ៃ និងប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីបន្តនីតិវិធី ៕ អែល វិចិត្រ