រាជធានីភ្នំពេញ៖ ខំជិះរថយន្តឈ្នួលពីខេត្តកំពង់ធំ ដើរមកធ្វើសកម្មភាពលួច កាច់ ក ម៉ូតូប្រជាពលរដ្ឋនៅភ្នំពេញ តែមិនទាន់បានសម្រេចផង ក៏ត្រូវកូនស្រីម្ចាស់ម៉ូតូឃើញ ធ្វើរត់ ផ្អើលដល់ប្រជាការពារភូមិជួយឃាត់បានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍យកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះផុន វ៉ាន់ឌី អាយុជាង២៧ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ស្ដើង រឿង ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ហើយម៉ូតូរបស់គាត់ដែលចោរលួចយកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីមស១២៥ ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GX-7443 ។
ម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្នុងផ្ទះ រួចបានដាក់ប៉ូវអុីដេកនៅក្បែនោះដែរ ខណៈនោះស្រាប់តែជនសង្ស័យខាងលើចូលទៅលួច ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែកូនស្រីគាត់ម្នាក់ឈ្មោះរឿង សុខចាន់ អាយុ៤២ឆ្នាំ មុខរបរលក់ចាបហួយនៅផ្ទះជាប់នោះទៅទាន់ ។ ពេលនោះជនសង្ស័យបានរត់ចេញ ហើយគាត់ក៏ហៅកម្លាំងប្រជាការពារភូមិភូមិជួយឃាត់ ខណៈដែលជនសង្ស័យរត់ទៅដល់ទីស្នាក់ការភូមិ ហើយក្រោយឃាត់បានធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍កាច់សោ ក ម៉ូតូ១ដើមរួចប្រគល់អោយនគរបាលយកទៅសួរនាំតែម្ដង។
ម្ចាស់ម៉ូតូរូបនេះបានអោយដឹងទៀតថា កូនស្រីគាត់ឈ្មោះសុខ ចាន់ បានបាត់ម៉ូតូចំនួន២គ្រឿងរួចមកហើយ គឺកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៤ បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅស៊េរីឆ្នាំ២០២១ មួយគ្រឿង លុះដល់ខែមិនា ឆ្នាំ២០២៤ បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅស៊េរីឆ្នាំ២០២២ មួយគ្រឿងទៀត។ ចាប់ពីពេលនោះមករកមុខចោរអត់ឃើញទេ រហូតដល់ថ្ងៃកើតហេតុនេះស្រាប់តែលេចមុខជនសង្ស័យខាងលើចូលទៅរកទិញនំនិងមីនៅផ្ទះកូនគាត់ ហើយអឺតឡឺមៗ រួចក៏ចូលលួចម៉ូតូរបស់គាត់បែបនេះ។
នៅពេលប្រជាពលរដ្ឋសួរនាំជនសង្ស័យបាននិយាយថា ខ្លួនបានជិះរថយន្តឈ្នួលមកពីខេត្តកំពង់ធំដើម្បីធ្វើសកម្មភាពលួចម៉ូតូនៅភ្នំពេញ ហើយមានបំណងថាប្រសិនបើលួចបានខ្លួននិងជិះយកទៅកាន់ខេត្តកំពង់ធំវិញតែម្ដង។ បន្ទាប់មកក៏បានចូលទៅធ្វើសកម្មភាពលួចនៅក្នុងផ្ទះខាងលើ ប៉ុន្តែមិនបានសម្រេចក៏ត្រូវប្រជាការពារភូមិឃាត់ខ្លួន ហើយកន្លងមកខ្លួនធ្លាប់លួចបានសម្រេច៣ទៅ៤ដងរួចមកហើយដែរ ។
ទោះបីជាបែបណាពុំទាន់ដឹងថា ម៉ូតូ២គ្រឿងដែលបាត់នៅក្នុងខែកុម្ភៈ និងខែមិនា នោះត្រូវបានជនសង្ស័យនេះលួចឬបែបណានោះទេ ខណៈនេះនគរបាលបាននាំទៅប៉ុស្តិ៍សំរោងក្រោមនិងកំពុងសួរនាំ៕