រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្ស ក្នុងដីព្រៃបន្លាអូយ៉ាស់មួយកន្លែង ភ័យខ្លាំងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងដីព្រៃបន្លាអូយ៉ាស់ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចដែលក្រុមការងារ TVFB ទទួលបាន បានឲ្យដឹងថា សពខាងលើ ពុំស្គាល់អត្តសញ្ញាណ នៅសល់តែគ្រោងឆ្អឹង និងសាច់រលួយមួយចំនួន ផ្នែកខ្លះនៃគ្រោងឆ្អឹងត្រូវភ្លើងឆេះខ្លោចខ្មៅប្រេះ។
តាមការពិនិត្យពីសមត្ថកិច្ចជំនាញ កន្លែងកើតហេតុជាដីព្រៃមានស្នាមដុតព្រៃឆេះខ្លោចខ្មៅ ប៉ុន្តែស្ថានភាពដីមានដុះស្មៅខ្ចី, នៅក្នុងដីព្រៃនេះមានគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ស្លាប់ផ្ងារនៅសល់តែឆ្អឹងជាប់សាច់រលួយមួយចំនួន ផ្នែកខ្លះនៃឆ្អឹងត្រូវភ្លើងឆេះខ្លោច។ ចំពោះសភាពគ្រោងឆ្អឹងខាងលើ លលាដ៍ក្បាលអស់សាច់, ក្បាលចំហៀងខាងស្ដាំត្រូវឆេះខ្លោចខ្លាំងមានសភាពប្រេះ, ចង្ការចំហៀងខាងស្ដាំឆេះប្រេះ។ ខ្លួនប្រាណនៅសល់គ្រោងឆ្អឹងជាប់សាច់រលួយមួយចំនួន ឆ្អឹងជំនីរមានសភាពឆេះខ្លោចប្រេះបែកចុងៗ, ឆ្អឹងផាលឆេះអស់។ ប្រអប់ដៃ និងប្រអប់ជើងសងខាងឆេះអស់, ដើមដៃ និងកំភួនដៃសងខាងនៅសល់គ្រោងឆ្អឹងជាប់សាច់រលួយ, ភ្លៅ និងកំភួនជើងសងខាងនៅសល់គ្រោងឆ្អឹងជាប់សាច់រលួយ។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ គ្រោងឆ្អឹងសាកសព និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ ពុំអាចសន្និដ្ឋានបាន ដោយសាកសពនៅសល់តែគ្រោងឆ្អឹងជាប់សាច់រលួយ ហើយផ្នែកខ្លះនៃគ្រោងឆ្អឹងមានសភាពឆេះខ្លោចប្រេះ ហើយសពនេះ មានអាយុប្រហែល២៥ទៅ៣៥ឆ្នាំ ស្លាប់ប្រហែលរយៈពេល២ទៅ៣ខែ ទៅហើយ។
ពេលនេះ សពត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីបន្តនីតិវិធី ៕ អែល វិចិត្រ