រាជធានីភ្នំពេញ ៖ រន្ធត់ណាស់ រូបភាពស្តែងៗពីកាមេរ៉ាសុវត្ថិភាព ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តHyundai Starex បត់ឆ្លងផ្លូវ គាប់ជួនម៉ូតូកំពុងលឿន បុកយ៉ាងពេញទំហឹង ហោះផ្លោងរំលងសួនច្បារចែកទ្រូង ទៅចំណែកផ្លូវម្ខាងទៀត ប្រមាណជា២០ម៉ែត្រ ដាច់ជើងម្ខាងយ៉ាងរន្ធត់ជាប់ជាមួយក្បាលរថយន្ត ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាអ្នកជិះម៉ូតូមានឈ្មោះ ទឿ ធារី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជើងឆ្មា ឃុំឈើខ្មៅ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់បញ្ជូន ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកអ្នកបើកបររថយន្តជាបុរស បានរត់គេចខ្លួន ។
ក្នុងនោះ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តHyundai Starex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BV ១១៣០ បើកបរដោយបុរសម្នាក់ ទិសដៅពីរត្បូង ទៅ ជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តនោះបានឈប់រួចបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ គាប់ជួនពេលនោះ ម៉ូតូឌ្រីមសង់ ពណ៌ខ្មៅដែលពាក់ស្លាកលេខ តាកែវ១AB ១២៣០ ធ្វើដំណើរពីក្រោយ ស្របទិស ជាមួយរថយន្ត ក្នុងល្បឿនលឿន ចំកាងមុខចំហៀងខាងឆ្វេងពេញទំហឹង ហោះផ្លោងរំលងសួនច្បារចែកទ្រូង ទៅចំណែកផ្លូវម្ខាងទៀត ប្រមាណជា២០ម៉ែត្រ ដាច់ជើងម្ខាងយ៉ាងរន្ធត់ជាប់ជាមួយក្បាលរថយន្ត ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានកងសង្គ្រោះ៧១១កងពលតូចលេខ៧០ ដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផែនចរាចរណ៍នៃអធិការដ្ឋានខណ្ឌដង្កោ បានសហការគ្នាជាមួយនិង កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល បានធ្វើការវាស់វែងយករថយន្ត និង ម៉ូតូ យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលដើម្បី រក្សាទុករងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ អែល វិចិត្រ