រាជធានីភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋ និងបងប្អូនកម្មករ បានប្រទះឃើញសាកសព បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង គល់ស្ពានកោះនរា ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើ បានលោតទម្លាក់ខ្លួនពីលើអាគារនេះ តែមិនដឹងថា ពីជាន់ទីប៉ុន្មាននោះទេ ធ្លាក់ចុះមកក្រោម បុកជាមួយជើងទារការដ្ឋានកំពុងសាងសង់នៅខាងក្រោម ស្លាប់យ៉ាងរន្ធត់តែម្តង ។
ទោះបីជាយ៉ាងណាជុំវិញករណីនេះ ភ្លាមៗគេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងនគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុ ពិនិត្យ ដោយមិនទាន់ ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ គ្រាន់តែដឹងថាជាជនជាតិចិន និង កំពុងធ្វើការស្រាវជ្រាវបន្ត ថាតើជាករណីអត្តឃាត លោតសម្លាប់ខ្លួន ឬក៏ជាករណីអ្វីឲ្យប្រាកដ ៕ អែល វិចិត្រ