រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ខណៈប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងបន្ទប់ជួលលេខ៥ ក្នុងដីឡូតិ៍ផ្ទះរបស់គាត់លេខ ៤៧៧ផ្លូវ ៥៧បេតេក្រុមទី៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ស៊ាម ណាត ភេទប្រុសអាយុ ៤៨ឆ្នាំជនជាតិ ខ្មែរ រស់នៅបន្ទប់ជួលលេខ៥ខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានទទួលព័ត៌មានពីឈ្មោះ អ៊ូច សាវ៉ន ភេទស្រីអាយុ ៦៦ឆ្នាំ ជាម្ចាស់ផ្ទះជួលចំណុចទីតាំងកើតហេតុខាងលើ ថាសង្ស័យមានមនុស្សស្លាប់នៅបន្ទប់ជួល ។
ក្រោយទទួលបានព័តិមានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ និងផែនជំនាញអធិការខណ្ឌមានជ័យ បានសហការជាមួយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់ចំណុចទីតាំងកើតហេតុខាងលើ និងបានគាស់ទ្វារបន្ទប់ជូលលេខ៥ នេះចូលទៅពិនិត្យខាងក្នុងបន្ទប់ឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ ៥ នេះទៅហើយ។
តាមការពិនិត្យរបស់មន្រ្តីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនិងតាមកាបញ្ចាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យបញ្ចាក់ថា សពស្លាប់ដោយសាគាំងបេះដូងអាចបណ្ដាលមកពីជំងឺបេះដូង ត្រូវបានការិយាល័យជំនាញយកទៅតម្កល់នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ