អង់គ្លេស ទទូចឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ស្របពេលអំពើហិង្សាកំពុងកើនឡើងខ្លាំង ខណៈមនុស្ស១២នាក់ទៀតត្រូវបានបាញ់សម្លាប់
អន្តរជាតិ
211

ក្រុងឡុងដ៍៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ចក្រភពអង់គ្លេសបានទទូចដល់ប្រជាពលរដ្ឋរបស់ខ្លួន នៅថ្ងៃសុក្រ (១២ មីនា) ឲ្យ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ឬប្រសិនបើពួកគេមិនអាចចាកចេញពីប្រទេសនេះទេ សូម ស្នាក់នៅក្នុងផ្ទះ ដោយបាននិយាយថា អំពើហិង្សាកំពុងតែកើនឡើង បន្ទាប់ពីកងទ័ពបានទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។

ចំណាត់ការនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមសិទ្ធិមនុស្សបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតុករចំនួន ១២នាក់ទៀត ខណៈដែលមេធាវីរបស់លោកស្រី អ៊ុង សានស៊ូជី បានសើចចំអកការចោទប្រកាន់សូកប៉ាន់ថ្មីប្រឆាំងនឹងលោកស្រី។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ការិយាល័យកិច្ចការបរទេស, អភិវឌ្ឍន៍រដ្ឋ (Commonwealth & Development) (FCDO) ណែនាំឱ្យជនជាតិអង់គ្លេសចាកចេញពីប្រទេសដោយមធ្យោបាយពាណិជ្ជកម្មលើកលែងតែមានតម្រូវការបន្ទាន់ក្នុងការស្នាក់នៅ»។

ភាពតានតឹងផ្នែកនយោបាយនិងភាពចលាចលកំពុងរីករាលដាលចាប់តាំងពីការកាន់កាប់របស់របបយោធាថ្មីនិងកម្រិតនៃអំពើហិង្សាកំពុងកើនឡើង។

អង់គ្លេសបានថ្កោលទោស ចំពោះអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយលើកឡើងកាលពីដើមសប្តាហ៍នេះថា ខ្លួនកំពុងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសនេះ។ សូមជម្រាបថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គេឃើញ មានក្រុមបាតុករយ៉ាងតិច ៩ នាក់ត្រូវបានសម្លាប់ នៅតាមតំបន់ផ្សេងៗគ្នាក្នុងនោះមាន ៦ នាក់ នៅសង្កាត់ Myaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។

អង្គការសិទ្ធិមនុស្ស Amnesty International បានចេញផ្សាយរបាយការណ៍ដ៏ធំមួយ ស្តីពីវិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់របបយោធាថាបានប្រើប្រាស់អាវុធនៅសមរភូមិលើក្រុមបាតុករដែលគ្មានអាវុធនិងធ្វើការសម្លាប់ដែលបានគ្រោងទុកជាមុន៕ ប្រភព៖ Channel News Asia

Telegram