អន្តរជាតិ៖ ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី បានធ្វើឲ្យឃ្លាំងអាវុធរបស់ប្រទេសសមាជិកណាតូភាគច្រើនស្ថិតក្នុងភាពតានតឹង ហើយកាន់តែពិបាកសម្រាប់យោធាណាតូ ក្នុងការគោរពតាមការសន្យាក្នុងការផ្គត់ផ្គង់ទីក្រុងគៀវ ដោយក្នុងនោះសូម្បីតែយោធាអាមេរិកក៏ប្រញាប់ប្រញាល់ដើម្បីបំពេញស្តុកសព្វាវុធដែលខ្លួនបានផ្គត់ផ្គង់ដល់ក្រុងគៀវផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា «ប្រទេសតូចៗបានអស់សក្តានុពលរបស់ពួកគេហើយ» ហើយយោងទៅតាមមន្ត្រីណាតូម្នាក់ យ៉ាងហោចណាស់ ២០ នៃសមាជិក៣០របស់ប្លុក ត្រូវបាន«ទាញយកយ៉ាងខ្លាំង»។ មានតែ «សម្ព័ន្ធមិត្តធំ»ប៉ុណ្ណោះ រួមទាំងបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដែលមានស្តុកទុកគ្រប់គ្រាន់ដើម្បីបន្ត ឬបង្កើនការនាំចេញអាវុធរបស់ពួកគេទៅកាន់អ៊ុយក្រែន។

ស្របពេលជាមួយគ្នាននេះ ខណៈដែលអ៊ុយក្រែន បានបន្តអំពាវនាវឱ្យមានអាវុធបន្ថែមទៀត ស្តុករបស់សហភាពអឺរ៉ុបកំពុងដំណើរការក្នុងកម្រិតទាប ដោយប្រទេសអាឡឺម៉ង់ បាន«ឈានដល់ដែនកំណត់របស់ខ្លួន» រួចទៅហើយគិតត្រឹមដើមខែកញ្ញា។ ទន្ទឹមនឹងនោះ លីទុយអានី ដែលមិនមានសព្វាវុធសម្រាប់បរិច្ចាគបានជំរុញឱ្យ សម្ព័ន្ធមិត្តផ្តល់ឱ្យអ៊ុយក្រែន«អ្វីគ្រប់យ៉ាងដែលយើងមាន»។
តួយ៉ាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាបញ្ជូនអាវុធ«ដរាបណាទីក្រុងគៀវនៅតែត្រូវការ» ប៉ុន្តែសូម្បីតែឃ្លាំងស្តុកយោធារបស់អាមេរិកក៏បានរងការខូចខាត បន្ទាប់ពីការដឹកជញ្ជូនម្តងហើយម្តងទៀតទៅកាន់ទីក្រុងគៀវ។ ដោយក្នុងនោះ នៅដើមខែមីនា ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានចាប់ផ្តើម ក្រសួងការពារជាតិអាមេរិក បានកំពុងដំណើរការរួចទៅហើយ ដើម្បីបំពេញបន្ថែម នូវមីស៊ីលបាញ់លើស្មារាប់ពាន់គ្រាប់ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ។

យ៉ាងណាមិញ គិតត្រឹមខែសីហា ឃ្លាំងស្តុកអាវុធកាំភ្លើងធំ 155 មីលីម៉ែត្ររបស់អាមេរិក មាន«កម្រិតទាប»នេះបើយោងតាមកាសែត Wall Street Journal ។ កាសែតនេះ បង្ហាញពីរបាយការណ៍ចុងក្រោយបង្អស់របស់មន្ទីរបញ្ចកោណ បានរៀបរាប់លម្អិតអំពីជំនួយយោធាដោយផ្ទាល់ ជាង១៩ពាន់លានដុល្លារ ដែលត្រូវបានអនុម័តចាប់តាំងពីខែកុម្ភៈ រួមទាំងប្រព័ន្ធប្រឆាំងពាសដែកជាង៤៦,០០០គ្រឿង ,កាំភ្លើងធំ Howitzers ជិត២០០គ្រឿង ,ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ(HIMARS)ចំនួន៣៨គ្រឿង និងអាវុធធុនធ្ងន់មួយចំនួនទៀត រួមទាំងរថយន្តយោធា និងគ្រាប់រំសេវ ក៏ដូចជាគ្រាប់កាំភ្លើងធំ155 មីលីម៉ែត្រ ចំនួនជាង៩២០,០០០គ្រាប់។
មជ្ឈមណ្ឌលរបស់សហរដ្ឋអាមេរិក សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)បានចង្អុលបង្ហាញថា យោធាអាមេរិក«មិនមានរចនាសម្ព័ន្ធដើម្បីប្រយុទ្ធ ឬគាំទ្រដល់ជម្លោះដែលអូសបន្លាយយូរនោះទេ» ខណៈដែលឧស្សាហកម្មការពារជាតិ មានទំហំ«សម្រាប់អត្រាផលិតកម្មពេលវេលាសន្តិភាព»តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ រហូតដល់ជិត ៤០ពាន់លានដុល្លារ ដែលឥឡូវនេះអាចប្រៀបធៀបទៅនឹងថវិកាការពារប្រចាំឆ្នាំទាំងមូលរបស់បារាំង។ ក្នុងនោះ ទីក្រុងមូស្គូ បានព្រមានម្តងហើយម្តងទៀតថា ការបញ្ជូនសព្វាវុធ វានឹងធ្វើឲ្យជម្លោះ កាន់តែអូសបន្លាយ និងបង្កើនហានិភ័យនៃជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕
