លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។
ការលើកឡើងរបស់លោកស្រី បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថាកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕
ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំណរគុណដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តមចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពីសហរដ្ឋអាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។
ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រំពឹងថាការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។
ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា៕