សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងថា ទាហានជួរមុខវេទនា រហូតទទួលទានអាហារលើដីថា គ្មាននរណាទៅល្បាតស្ពាយតុបាយទៅតាមនោះទេ
ព័ត៌មានជាតិ
87

បន្ទាប់ពីការលើកឡើងរបស់អ្នកលេងបណ្តាញសង្គម ដែលយករូបទាហានជួរមុខកំពុងចុះល្បាត ទទួលទានអាហារលើស្មៅឬលើដីថា ទាហានខ្មែររងទុក្ខវេទនាណាស់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តបវិញថា គ្មានទាហានរណាម្នាក់ដើរល្បាតស្ពាយតុតាមខ្លួននោះទេ និងឱ្យអ្នកដែលបារម្ភមកខ្មែរ សម្តេចនឹងជូនទៅមើលផ្ទាល់តែម្តង។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច បានឃើញអ្នកលេងបណ្តាញសង្គម ដែលកំពុងរស់នៅបរទេស និងតែងតែយកការរិះគន់ ឬជេប្ររមាថសម្តេចធ្វើជាអាជីវកម្ម បានយករូបភាព ទាហានជួរមុខ តាមបន្ទាត់ព្រំដែន ដែលកំពុងចុះល្បាត ទទួលទានអាហារក្រោមដើមឈើ លើស្មៅឬលើដី នៅលើបណ្តាញសង្គម ដោយភ្ជាប់នូវមតិថា ទាហានស្រុកខ្មែរវេទនាណាស់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងការហួសចិត្ត នឹងការលើកឡើងខាងលើនេះ ហើយសម្តេចក៏បាន ផ្តល់ការបកស្រាយខ្លីៗទៅវិញថា ទាហានសម័យនេះទំនើប ជាងសម័យកាលច្បាំងគ្នា ច្រើនណាស់ បើមិនមានផ្ទះថ្ម ក៏មានផ្ទះឈើសម្រាប់ជាទីតាំងឈរជើងអចិន្ត្រៃយ៍ ដែលកិច្ចការទាំងនេះ អ្នកធ្លាប់ទៅស្គាល់ព្រំដែន ឬមួយទាហានព្រំដែនអាចបញ្ជាក់បាន។

ក្នុងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ថា គ្មានពេលណាស្តាប់សំឡេងរំខាននោះទេ ដោយសម្តេចត្រូវចំណាយពេលស្តាប់សំឡេងពិតប្រាកដ ដែលជាសំឡេងប្រជាពលរដ្ឋ ពោលនៅពេលដែលប្រជាពលរដ្ឋ មានបញ្ហាពិតប្រាកដ ឧទាហរណ៍បញ្ហាដីធ្លី បញ្ហាសុខភាព ហើយបានអំពាវនាវឱ្យជួយ រាជរដ្ឋាភិបាល នឹងជួយ ដែលនេះទើបជាតម្រូវការពិតប្រាកដ ដោយឡែកការរិះគន់ដើម្បីស្ថាបនា ក៏ត្រូវទទួល។

ក្នុងនោះសម្តេចធិបតី ថា មិនស្តាប់អ្នកនយោបាយ ដែលយកបញ្ហាព្រំដែន បញ្ហាទឹកដី មកធ្វើអាជីវកម្មសម្រាប់សាងប្រាក់ចំណូលឱ្យខ្លួនឯងនោះទេ ខណៈដែលការគិតគូរពីបញ្ហាព្រំដែន រាជរដ្ឋាភិបាល បានពង្រឹងការចរចានិងកសាងអភិវឌ្ឍន៍ព្រំដែន រាប់សិបឆ្នាំមកហើយ មិនមែនទើបតែមានពេលគេស្រែកឆ្នាំនេះនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំឃើញ អ្នកខ្លះនៅកូរ៉េ អ្នកខ្លះនៅ បងប្អូនគាត់ថា ទាហានស្រុកខ្មែរវេទនាណាស់ គេថាទាហានជួរមុខ ការពារពិតប្រាកដ ឃើញហើយហូបនៅលើដី ខ្ញុំថាអ៊ីចេះ បើយកល្អអ្នកដែលព្រួយបារម្ភ មកខ្ញុំជូនទៅមើល អង្គភាពណា ទីតាំងឈរជើង ខ្ញុំចុះទៅព្រំដែន ចុះទៅដល់ចំណុចឈរជើង ចំណុចដែលអចិន្ត្រៃយ៍ យើងមានលេដ្ឋានបេតុង យើងមានអគារ បើមិនបេតុង ក៏ឈើ នៅទីនោះរៀបចំគ្រប់គ្រាន់ ចឹងគ្រាន់តែប្រាប់ខ្ញុំទទួលស្គាល់ថាខាងមុខ អត់មានម៉ាស៊ីនត្រជាក់ទេ ទាហានជួរមុខអត់មានម៉ាស៊ីនត្រជាក់ទេ ខ្ញុំហ៊ានទទួល ខ្ញុំទទួលខុសត្រូវថាអត់មានទេ ហើយក៏អត់ត្រូវដាក់នៅទាហានជួរមុខដែរ ព្រោះអត់មានភ្លើង ហើយបងប្អូននៅជួរមុខ គាត់ក៏អត់ត្រូវការម៉ាស៊ីត្រជាក់ដែរ គាត់ត្រូវការបន្ទះសូឡា សាកអាគុយ សាកអ្វីផ្សេងៗ»។

បន្ថែមលើនេះ ផ្ទុយនឹងការមតិរិះគន់ខាងលើនេះ ទាហានជួរមុខ បានទទួលការឧបត្ថម្ភបន្ថែម លើប្រាក់បំប៉ន និងមានការយកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំជានិច្ច៕


Telegram