ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារក្រសួងព័ត៌មាន បានរៀបចំរួចជាស្រេចហើយនូវដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ខេត្តភាគឦសាននៅថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខណៈការរៀបចំនេះត្រូវបានចំណាយដោយរាជរដ្ឋាភិបាល ។ តាមកម្មវិធី១ថ្ងៃនៅថ្ងៃទី៧ ខែកញ្ញា ខេត្តដែលត្រូវធ្វើទស្សនកិច្ចលើកទី១មាន ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ប្រជាពលរដ្ឋជាងមួយពាន់នាក់បានចុះឈ្មោះរួចមកហើយ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននៃប្រទេសកម្ពុជា មានចំនួនជាងមួយពាន់នាក់ហើយ ហើយប្រជាពលរដ្ឋបានចុះឈ្មោះតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់បន្តទៀត។
ឯកឧត្តមបន្តថា ក្រុមការងារទទួលបន្ទុកបានត្រៀមលក្ខណៈរួចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
អ្នកនាំពាក្យដដែលបន្តថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះពុំចាំបាច់ចំណាយសោហ៊ុយអ្វីទាំងអស់។ការចំណាយទូទៅសម្រាប់ការធ្វើដំណើរ និងការហូបចុក ត្រូវរ៉ាប់រងដោយក្រុមអ្នករៀបចំ លើកលែងតែការចំណាយផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។ ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនឡើយ។
ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់ថា ទស្សនកិច្ចនេះជាទស្សនកិច្ចពលរដ្ឋ ពុំមែនជាទស្សនកិច្ចសារព័ត៌មានទេ។ សម្រាប់អ្នកសារព័ត៌មាន គឺត្រូវចុះឈ្មោះដូចប្រជាពលរដ្ឋទូទៅដែរ ដោយបំពេញទម្រង់បែបបទអនឡាញ និងត្រូវអនុវត្តគោលការណ៍ ចុះឈ្មោះមុន បានចូលរួមមុន។ ក្រុមអ្នករៀបចំនឹងជ្រើសរើសដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចថ្ងៃសៅរ៍នេះ និងសម្រាប់ដំណើរជើងខាងមុខៗទៀត ដោយ ត្រូវធ្វើដំណើរជាមួយប្រជាពលរដ្ឋទូទៅដែរ ក្នុងចំណោមអ្នកចូលរួមចំនួន ២០០នាក់ ក្នុងមួយលើក មួយជើងធ្វើដំណើរ។
ប្រជាពលរដ្ឋដែលចុះឈ្មោះ ក្នុងនោះ មានព្រះសង្ឃ យុវជន ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត៕