សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសអភិវឌ្ឍន៍ខេត្តនៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើន ដើម្បីលុបបំបាត់ការចោទប្រកាន់រាជរដ្ឋាភិបាលថា កាត់ទឹកដីឱ្យប្រទេសជិតខាង
ព័ត៌មានជាតិ
109

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអភិវឌ្ឍន៍ខេត្តនៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើន ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងលុបបំបាត់ការចោទប្រកាន់រាជរដ្ឋាភិបាលថា កាត់ទឹកដីឱ្យប្រទេសជិតខាង។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា« ខ្ញុំសូមប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះជនរួមជាតិយើងថា ខ្លាចបាត់បង់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគឦសាននោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងខិតខំជំរុញការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងខិតខំជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានរួចរាល់ ពេលឆាប់ៗខាងមុខនេះផងដែរ»។

នៅក្នុងពិធីនាព្រឹកមិញនេះ សម្ដេចធិបតីក៏បានរម្លឹកថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ”៕

ប្រភព៖ក្រសួងព័ត៌មាន


Telegram