អ្នកជំនាញបន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ដែលមាន ចំណាស់ជាងមួយពាន់ឆ្នាំ
ព័ត៌មានជាតិ
196

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិ ប្រាសាទ ពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក អ្នកជំនាញ អាជ្ញាធរ ជាតិអប្សរា បានបន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង ៣៦ម៉ែត្រជា បន្តទៀត។ ប្រាសាទភ្នំបាខែងត្រូវបាន កសាង នៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។

លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង បញ្ជាក់ថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខា ត ស្ទើរតែ ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណប បាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និង ជញ្ជាំងបានខូចខាតបាត់ បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់ តាមកន្លៀត ថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរ ច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែក រួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ។

លោក ជីវ ភារម្យ បន្តថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរ ទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។ ជាមួយគ្នានោះដែរ ក៏បានជួស ជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុល ជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេច បាន៨០ភាគរយ។

សូមជម្រាបថា ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅ ចំពីលើកំពូល ភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទី ក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅ ចន្លោះប្រាសាទ អង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉ម ប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ ទាញភ្ញៀវទេសចរ បានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅ ចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកម្ពស់ ៦៥ម៉ែត្រ។

ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកម្ពស់ ៤៥ម៉ែត្រ។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋាន សួគ៌ ៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុន ពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទ ភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុង មួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ៕


Telegram