ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗចំនួន ៣ គ្រោងមកវិនិយោគ ក្នុងខេត្តព្រៃវែង
ព័ត៌មានជាតិ
124

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗចំនួន៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុនចំនួន២ នឹងចាប់ផ្ដើមសកម្មភាពនាពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុនមកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។

ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីដែរថា រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុង​ និងក្រៅប្រទេស ក្នុងនោះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់វិស័យឯកជន រួមទាំងថ្នាក់ដឹកនាំ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមាន ឬមិនមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា សូមត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទស្សនៈ ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស សូមបន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យខិតខំថែរក្សាសុខភាព ខិតខំអប់រំបណ្ដុះបណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល​ ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ៕


Telegram