ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយក ក្រុមហ៊ុន មីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ជាច្រើនរូប។
រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះ បឋម សិលា បើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រ ដំបូង គេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួម ចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយ ហេតុផល នៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញ របស់ខេត្តនេះ។ ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិ លេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយ មជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាម រយៈខេត្តប៉ោយ ប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញ យក ប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ការបន្ថែមទុនវិនិយោគរបស់ ក្រុមហ៊ុន ដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជា សមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាព ទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការអបអរ សាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យ ជាបន្ត បន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុម ហ៊ុន ថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់ តែច្រើន បន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទ ពិសោធន៍ វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ ជាគំរូ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបដល់អង្គពិធីអំពីកិច្ចខិតខំ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការច្រកចេញ ចូលតែមួយរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការវិនិយោគឯកជន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការ ប្តេជ្ញាចិត្ត បន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដោយ ផ្តល់ នូវកិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគដ៏សម្បូរបែប។ នៅត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប បន្ថែមអំពីការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាប្រព័ន្ធ cdcIPM ដែលមានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ សម្រប សម្រួលដល់អន្តរក្រសួង-ស្ថាប័នពេញលេញតាមរយៈ ការធ្វើសន្ធាន កម្មចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវ បញ្ហាប្រឈមរបស់វិនិយោគិនដោយប្តូរពីការផ្តល់ព័ត៌មាននិង ឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែប បទតែមួយលើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគ ស្មាញ បង្កើនទំនុកចិត្តជូនវិនិយោគិនដែលកំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់ ពេល វេលាតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផល បច្ចេកវិទ្យាឌីជីថលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលនៃអាណត្តិ ទី៧នេះ ដែលត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាម គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈធិបតីអមដំណើរ បានអញ្ជើញផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន ជាមួយ បណ្តាញ សារព័ត៌មានធំៗរបស់ជប៉ុន និងសារព័ត៌មានកម្ពុជា ជាច្រើនរូប។ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ បរិយាកាសវិនិយោគនៅកម្ពុជា និងការបំពេញបេសកកម្មគោះទ្វារ វិនិយោគពីបរទេសផងដែរ៕