សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃសៅរ៌ ទី២៨ខែកញ្ញា ឆ្នាំ២០២៤។
នេះគឺជាជំនួបលើកទី១ រវាងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាមួយសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជា ១តុលា និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផង។
សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗរួមមាន៖ បាយ ១ប្រអប់, បង្អែមនំចាក់ក្រចាន់ ១ប្រអប់, ផ្លែទំពាំងបាយជូ ១គីឡូក្រាម, ក្រូចឃ្វិច ១គីឡូក្រាម, ទឹកក្រូច ១ដប, ទឹកបរិសុទ្ធអារុណា ២ដប, អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកដោះគោខាប់ ៥កំប៉ុង, ភេសជ្ជៈបាកាស់ ៤កំប៉ុង, អាវយឺតដៃវែង ១, អាវអាចារ្យ ១, ខោជើងវែង ២, ស្បែកជើង ១គូ, អាវភ្លៀង ១ និងថវិកា ៣០០.០០០រៀល៕