ផ្លូវថ្មើរជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ខែ កុម្ភៈឆ្នាំ២០២៥ខាងមុខ នេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)ខាងលើនេះ នារសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍ថា៖ ផ្លូវថ្មើរជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាង ណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
ឯកឧត្ដម ឃួង ស្រេងបានបញ្ជាក់ថា៖ គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់។
ជាការទាក់ ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត។ គម្រោងផ្លូវថ្មើរជើង(Walk street) ត្រូវបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕