បង្ហាញមុខជនសង្ស័យ ២១នាក់ករណីឆក់ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា
សន្តិសុខសង្គម
75

ភ្នំពេញ៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញមុខជនសង្ស័យ ២១នាក់ ពាក់ព័ន្ធករណីឆក់ ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំង

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌនានា ស្រាវជ្រាវបង្រ្កាបជាក់ស្តែ ងរយៈពេល ៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ពាក់ព័ន្ធ ១០ករណី។ ទាំង ១០ករណីនោះ មាន ករណី ឆក់ទូរស័ព្ទ ឃាត់ ៨នាក់ ករណី លួច ឃាត់ ៨នាក់ ករណី ក្មេងទំនើងប្រើហឹង្សា ឃាត់ ៥នាក់។

លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់ទូរស័ព្ទ , ខណ្ឌដូនពេញ ២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ករណី ឆក់ទូរស័ព្ទ ករណី លួច ម៉ូតូ និងលួចខ្សែភ្លើង, ខណ្ឌដង្កោ ២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណី ឆក់ទូរស័ព្ទ និង ករណី លួចម៉ូតូ , ខណ្ឌបឹងកេងកង ឆក់ ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ , ខណ្ឌ 7មករា ករណី លួចខ្សែភ្លើង ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់, ខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើង ប្រើអំពើហឹង្សាវាយគ្នានិងកាប់ម៉ូតូ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់, ពោធិ៍សែនជ័យ ២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងករណីធ្វើអោយខូចខាតចេតនា (គប់កញ្ចក់ឡាន)។

ចំពោះជនសង្ស័យទាំងអស់ ត្រូវបានផ្នែកជំនាញអង្គភាពនីមួយៗកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕


Telegram