សម្តេចតេជោ៖ ទោះបីសម្តេចជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ
ព័ត៌មានជាតិ
114

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ជុំវិញការលើកឡើង នូវពាក្យថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញ ពីស្រមោលរបស់ឪពុកនោះ សម្តេចបញ្ជាក់ថា ថានេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចផ្ទាល់បើទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធី សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានផ្ញើជាសារជូន ទៅជនបរទេសមួយចំនួន ដែលតែងតែសរសេរថា តើ សម្តេចធិបតី ហ៊ុន ម៉ាណែត ពេលណានឹងដើរចេញផុត ពីស្រមោលរបស់ឪពុក ឬក៏ក្រុមថ្មីពេលណា នឹងដើរចេញផុតពីសម្រោល របស់គណបក្សប្រជាជននោះ? សម្តេចបានឱ្យអ្នកទាំងនោះ ទៅរៀនឱ្យបានជ្រៅបន្តិច រៀនឱ្យបានខ្ពស់បន្តិច នឹងឱ្យមានការចេះដឹងច្រើនជាងនេះ ខណៈសម្តេចតេជោ បញ្ជាក់ថា អ្នកដែលនិយាយភាសាបែបនេះ កំពុងបង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួន ។

បន្ថែមលើនេះ សម្តេចតេជោ បញ្ជាក់ទៅកាន់បណ្ឌិតមួយចំនួន ដែលចង់ឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសកម្មភាពផ្ទុយពីសម្តេចតេជោ ដែលជាឪពុក ដំបូងបំផុតត្រូវទៅសិក្សា ពីប្រព័ន្ធបោះឆ្នោតជាមុនសិន បើកាលណាប្រព័ន្ធបោះឆ្នោត ជាប្រព័ន្ធសមាមាត្រ ច្បាស់ណាស់ថា គណបក្សជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រី តាមរយៈប្រធានគណបក្ស ធ្វើសំណើរថ្វាយព្រះមហាក្សត្រ តែងតាំងនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី រៀបចំគណៈរដ្ឋមន្ត្រី ទៅសុំការអនុម័តយល់ព្រមពីរដ្ឋសភា ។

ជាមួយគ្នានេះ សម្តេចតេជោ បានរំលឹកអំពីប្រទេសកូរ៉េខាងត្បូង ដែលគណបក្សខ្លួនឯងផ្ទាល់ ក៏បានបោះឆ្នោតទម្លាក់ ប្រធានាធិបតីចេញពីតំណែងដែរ ក្រោយពីដើរខុសពីគោលនយោបាយរបស់គណបក្ស ។សម្តេចតេជោ បានផ្តាំផ្ញើទៅកាន់អ្នកដែលនិយម ប្រើពាក្យថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់សម្តេចតេជោ ដែលជាឪពុក និងក្រុមបន្តវេនពេលណាដើរចេញពីស្រមោល នៃគណបក្សប្រជាជន គឺគ្មានផ្លូវនោះទេ ។

ក្នុងនោះដែរសម្តេចតេជោ បានអះអាងថា សម្តេចធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក ខណៈបទពិសោធន៍ធ្វើជានាយករដ្ឋមន្ត្រី របស់សម្តេចតេជោ មានរយៈពេល៣៨ឆ្នាំ បូកទាំងការធ្វើរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រីផងនោះ មានរយៈពេល៤៥ឆ្នាំ ។ ការកាន់តំណែងជានយករដ្ឋមន្ត្រី ៣៨ឆ្នាំ គ្រប់គ្រាន់ឱ្យសម្តេចតេជោ អាចបង្រៀនដល់អ្នកដែលសរសេរ ឬតែងតែសួរសំណួរខាងលើនេះបានហើយ៕ប្រភពក្រសួងក្រសួងព័ត៌មាន


Telegram