ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ អើង ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានដឹកគោយកទៅចងនៅចំណុចបឹងព្នៅ ស្ថិតក្នុងភូមិ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញគ្រាប់បេ៤០ ចំនួន០១គ្រាប់ ផលិតនៅប្រទេសចិន និងគ្រាប់ត្បាល់ ៦០មីលីម៉ែត្រ ០១គ្រាប់ ផលិតនៅប្រទេសចិន ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករុក្ខគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
