បាត់ដំបង៖ ក្មេងពាលសរុបចំនួន ១៥នាក់ ដែលបើកប្រយុទ្ធគ្នាលើដងផ្លូវ ក្រោយបោះសម្តីឌឺដង ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok យ៉ាងអណាធិបតេយ្យនោះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបាន កាលពីវេលាម៉ោង ១០ និង៣៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានបញ្ជាក់នៅលើផេក ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង ឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តន៍ តាមបទបញ្ជារបស់លោកស្នងការខេត្តបាត់ដំបង ។
សមត្ថកិច្ចបាននិយាយទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនក្រុមក្មេងពាលទាំងនេះ ពួកគេទាំង២ក្រុម មានទំនាស់ជាមួយគ្នា ផ្តើមចេញពីការ Comment ដៀមដាម ឌឺដង តាមបណ្ដាញសង្គម Tik tok ហើយក៏បានវាយកាប់ចាក់គ្នានៅតាមដងផ្លូវកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខ្ទេចម៉ូតូ២គ្រឿង តែគ្មានមនុស្សរបួសទេ ។
សមត្ថកិច្ចបានបញ្ជាក់លើផេក ទៀតថា បានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមាន គ្នា ចំនួន១៥ នាក់ គឺក្រុម Boy Srer ចំនួន ០៨នាក់ និងក្រុម Boy Loy ចំនួន០៧ នាក់ ។
ដកហូតរួមមាន ៖
- ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវ ស ពាក់ស្លាកលេខ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1N 8871 ចំនួន ០១គ្រឿង
- កាំបិតខ្វែវដងឬស្សី ប្រវែង ០១ម៉ែត្រ ចំ នួន ០១ដើម
- ដុំឥដ្ឋចំនួន០២ដុំ ។
ពេលនេះការិយាល័យជំនាញកំពុង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្តបាត់ដំបងចាត់ការតាមច្បាប់បន្តទៀត ។
កន្លងមក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែងតែធ្វើការបង្ក្រាបបានក្រុមក្មេងពាលទំនើង ដែលដេញវាយគ្នាតាមដងផ្លូវសាធារណៈ បានជាបន្តបន្ទាប់ផងដែរ ៕



















