មនុស្ស៥នាក់ត្រូវបានបាញ់សម្លាប់ និងរបួសជាច្រើននាក់នៅពេលប៉ូលិសបានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២នៅប្រទេសមីយ៉ាន់ម៉ា។ សាក្សីបានប្រាប់ Reuters ថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ ម្សិលមិញបានបង្ក្រាបក្រុមបាតុករដោយបានសម្លាប់យ៉ាងហោចណាស់១២នាក់។
។
ប្រភពព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សម្នាក់ទៀតត្រូវបានសម្លាប់នៅទីប្រជុំជន Pyay និង២នាក់ទៀតបានស្លាប់នៅកណ្តាលទីក្រុងយ៉ាំងហ្គោល ហើយនៅទីនោះមាន៣នាក់ទៀតត្រូវបានសម្លាប់ ។
សកម្មជនម្នាក់ឈ្មោះ Myat Thu បាននិយាយថា ៖«សកម្មភាពបង្ក្រាបប្រៀបដូចជាពួកគេធ្វើសង្ក្រាមជាមួយមនុស្សដែលគ្មានអាវុធក្នុងដៃ»។ គាត់បញ្ជាក់ថា ក្នុងនោះក្មេងអាយុ១៣ឆ្នាំម្នាក់ត្រូវបានសម្លាប់ផងដែរ។
អ្នកតវ៉ាឈ្មោះ Si Thu Tun ប្រាប់ថា គាត់បានឃើញមនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងនោះមានព្រះសង្ឃមួយអង្គ។ មានម្នាក់ស្លាប់ដោយការវ៉ៃបាក់ឆ្អឹង និងម្នាក់ទៀតបាញ់ស្លាប់ដោយគ្រាប់កាំភ្លើងដ៏រន្ធត់។
នៅ Pyay សាក្សសីម្នាក់និយាយថា កម្លាំងសន្តិសុខបានបញ្ឈប់រថយន្តសង្គ្រោះបន្ទាន់ដែលទៅដល់ហើយ ប៉ុន្តែមិនឲ្យចេញបានបណ្តាលឲ្យអ្នករបួសស្លាប់។
ក្រុមគ្រួសារបាននិយាយថា អ្នកបើកឡានដឹកទំនិញម្នាក់នៅកណ្តាលទីប្រជុំជន Magwe Region ក៏បានស្លាប់ បន្ទាប់ពីប៉ូលិសបាញ់ចំទ្រូង។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិឯករាជ្យម្នាក់នៅមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា «របាយការណ៍គួរឲ្យទុកចិត្ត»បានបង្ហាញថា កម្លាំងសន្តិសុខនៅក្នុងប្រទេសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់ហើយ និងបញ្ជាក់ថា ភស្តុតាងកំពុងកើតមានឡើងនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចាប់តាំងពីយោធាបានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈមក។
តែតាមប្រភពសារព័ត៌មានក្នុងស្រុង Irrawaddy ផ្សាយល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមីនា ម្សិលមិញថា អ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់៩០នាក់ហើយ ៕