អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន​
ព័ត៌មានជាតិ
89

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ "Amy Richard310" និងហ្វេសប៊ុកឈ្មោះ "Piseth PG EM" ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។

ថ្នាក់ដឹកនាំក្រសួងខាងលើ បានបន្តថា ជាក់ស្តែង បុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានសង្កត់ធ្ងន់ថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន​ ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការខាងដដែលនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕

ប្រភព៖ ក្រសួងព័ត៍មាន


Telegram