លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសនឹងចាត់ការមន្ត្រីនោះដោយមិនលើកលែង ក្រោយទាត់អីវ៉ាន់លក់ដូរតិចតួចរបស់ក្មេងស្រីម្នាក់ខ្ទេចនៅចិញ្ចើមផ្លូវ និងសោកស្តាយខ្លាំងចំពោះទង្វើអសីលធម៌របស់បុគ្គលនោះ
ព័ត៌មានជាតិ
372

ខេត្តកំពង់ស្ពឺ ៖ ក្រោយមានការចែករំលែករូបភាពមួយសន្លឹកយ៉ាងច្រើនពេញលើបណ្តាញសង្គម បង្ហាញពីរូបភាពរបស់ក្មេងស្រីម្នាក់ អោនរើសថាស កៅអី និងផ្លែឈើ ដែលខ្លួនដាក់លក់មួយថាសៗតូចៗ លើចិញ្ចើមផ្លូវ ខ្ទេចខ្ទី ដោយភ្ជាប់ជាមួយខ្លឹមសារថា « សូមបងប្អូនជួយស៊ែ អ្នកសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ... ទាត់អីវ៉ាន់ក្មេងលក់បន្តិចបន្តួចចោលអស់ គួរឲ្យអាណិតណាស់ ឲ្យថ្នាក់លើបានឃើញផង » ខណៈដែលរូបភាពមួយសន្លឹកនេះ មានការស៊ែរ រហូតដល់ ២២,០០០ដង (22k share ) ឯណោះ បង្ហាញនូវមតិមិនពេញចិត្តនូវទង្វើអសីលធម៌នេះជាខ្លាំង ។

ក្នុងនោះ ក៏មានគណនីFacebook របស់ឈ្មោះ Koestler Lee បានខមមិន ចោទជាសំណួរទៅកាន់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លើផេកផ្លូវការរបស់លោកអភិបាលខេត្ត ថា « តើគួរមានវិធានការយ៉ាងណាចំពោះសន្តិសុខផ្សារដែលធ្វើបែបនេះ ចំពោះគាត់ដែលប្រកបរបររកស៊ីបន្តិចបន្តួចនោះ» ដោយមានភ្ជាប់ជាមួយរូបភាពផងដែរ ។

ពាក់ព័ន្ធបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានឆ្លើយតប ទៅកាន់គណនីខាងលើ ផងដែរថា «ខ្ញុំទទួលបានហើយ! សូមថ្លែងនូវអំណរគុណចំពោះការផ្តល់ព័ត៌មានពិតប្រាកដមកដល់ខ្ញុំបានទាន់ពេលវេលា ។ ខ្ញុំនឹងចាត់ការមន្ត្រីនោះដោយមិនលើកលែង។ សូមអរគុណ! ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី លោកអភិបាលខេត្តកំពង់ស្ពឺ ពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោកអភិបាលខេត្តកំពង់ស្ពឺផ្ទាល់ លោកសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ ៕


Telegram