ក្រុងព្រះសីហនុ៖ នារីស្រ់ស្អាតម្នាក់ ជាជនជាតិវៀតណាម ប្រើល្បិចយកថ្នាំញៀន បង្កប់ក្នុងប្រអប់បាយ យកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័កសណ្ឋាគារនៅឆាងឆឹង គិតថាសមត្ថកិច្ចតាមមិនទាន់ បែរជាស៊យធំ ទោះខំលាក់យ៉ាងណាក៏មិនអាចគេចពីភ្នែកសមត្ថកិច្ចបានឡើយ ត្រូវចាប់ខ្លួនភ្លាមៗ នៅម៉ោង៩ និង៥០នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិ០៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
អជ្ញាធរប្រចាំការគោលដៅធ្វើចត្តាឡីស័កខាងលើ បញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើការនៅKTV333 ជិតតោ២ ក្នុងភូមិ៤ សង្កាត់៤ បានយកបាយមួយប្រអប់មកឲ្យឈ្មោះ NGUYEN THUY LINH ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាមដូចគ្នា ស្នាក់នៅបន្ទប់លេខ៦១៨ កំពុងធ្វើចត្តាឡីស័ក។
អជ្ញាធរប្រចាំការគោលដៅធ្វើចត្តាឡីស័កខាងលើ បានបញ្ជាក់ទៀតថា ក្រុមការងារប្រចាំគោលដៅ អាគារស្នាក់នៅខាងលើ បានឆែកនៅក្នុងប្រអប់បាយ រកឃើញម្សៅសថ្លា ១កញ្ចប់ នៅក្នុងប្រអប់បាយនេះ ទើបបញ្ជូនជនសង្ស័យនិងវត្ថុតាង ឲ្យទៅកម្លាំងការិយាល័យគ្រឿងញៀនស្នងការខេត្តព្រះសីហនុ ចាត់ការតាមច្បាប់បន្តទៀត៕