រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំចំនួន៣ របៀបវារៈ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ និងការបិទបញ្ចប់បម្រាមគោចរ ...
ព័ត៌មានជាតិ
159

រាជធានីភ្នំពេញ៖ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំចំនួន៣ របៀបវារៈ រួមមាន៖

របៀបវារៈទី១ ស្ដីពីការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី « ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ » បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

របៀបវារៈទី២ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

របៀបវារៈទី៣ ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង «តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ។

រដ្ឋបាលរាជធានីភំ្នពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តកិច្ចការទាំងនេះឱ្យមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលានិងមានសុវត្ថិភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភំ្នពេញ៕


Telegram