ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមថវិការជាង ៣០លានរៀលជួយឧបត្ថម្ភសកម្មភាពការងារមនុស្សធម៌ ដែលត្រូវបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសខួបលើកទី១៥៨ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយស្នងការរង បាននាំយកថវិការចំនួន៣៤,៣១៥,០០០រៀលប្រគល់ជូនឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុក.ក្រុង និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤អង្គភាពបានចូលថវិការសរុបចំនួន ៣៤,៣១៥,០០០ រៀល ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារមនុស្សធម៌កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៨ ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានចូលរួមថវិការជាង៣០លានរៀល ជួយឧបត្ថម្ភការងារមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មទីណាខ្វៈខាតជួបការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាជួយជានិច្ច៕ ដោយ៖ចិន្ត្រា