តាកែវ៖ ក្មេងទំនើង២ក្រុមបានវាយតប់គ្នា កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ចំណុចមុខវិទ្យាល័យភ្នំជីសូរ ក្នុងភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បន្សល់ទុកម៉ូតូមួយគ្រឿង ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន៥នាក់ យកមកអប់រំ ធ្វើកិច្ចសន្យា ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូដែលបន្សល់ទុកម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ ភ្នំពេញ 1DG-4109 ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្លាដក ហូតយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវ។
របាយការណ៍បញ្ជាក់ទៀតថា ក្រោយធ្វើការស្រាវជ្រាវដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ យ៉ែម ឧត្តម ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិគោកទ្រា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ជាសិស្សរៀននៅវិទ្យាល័យភ្ញីមាស ។
យុវជន យ៉ែម ឧត្តម បានប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភក្តិ៣នាក់ទៀត បានជិះម៉ូតូដើរលេងនៅរមនីយដ្ឋានភ្នំជីសូរ តែត្រូវក្មេងទំនើង១ក្រុមទៀត ជិះម៉ូតូដេញវាយ បណ្តាលឲ្យដួលម៉ូតូ ហើយរត់គេចខ្លួនតែម្តង។
លុះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ អាណាព្យាបាល បានមកសុំធានាយកម៉ូតូដើម្បីទៅប្រើប្រាស់វិញ ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងមិនបានដាក់ពាក្យប្តឹងនោះទេ។
ដើម្បីលុបបំបាត់បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវតាមវីដេអូ ដែលបានផុសដោយគណនីFacebook ឈ្មោះ កូន កសិករ កំណត់មុខសញ្ញាក្មេងទំនើង៤នាក់បន្ថែមទៀត ពាក់ព័ន្ធសកម្មភាពដេញវាយគ្នានេះ ។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ទី១ឈ្មោះ ញឹក វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ,ទី២ឈ្មោះ តុង មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ,ទី៣ឈ្មោះ សុំ សុធារិទ្ធ ភេទបុ្រស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៤ឈ្មោះ រឿង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្រាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទាំង០៤នាក់ជាសិស្សរៀននៅវិទ្យាភ្ញីមាស។
ដោយមានការសុំធានា ពីសំណាក់អាណាព្យបាល ម្យ៉ាងពួកគេនៅជាសិស្សសាលា និងពុំមានការប្តឹងពីភាគីម្ខាងទៀត កម្លាំងជំនាញបានអប់រំណែនាំ និងធ្វើកិច្ចសន្យាលាយលក្ខអក្សរ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕


