ផ្សារសាមគ្គីដែលជាផ្សារបន្លែដ៏ធំមួយនៅក្រុងសៀមរាប ត្រូវបានអាជ្ញាធរសម្រេចបិទការចេញចូលជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញអាជីវករលក់កាហ្វេម្នាក់ក្នុងផ្សារនេះមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញ
ព័ត៌មានជាតិ
127

ខេត្តសៀមរាប៖  បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា អាជ្ញាធរខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ ដោយក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រោយរកឃើញករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារសាមគ្គី ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខេឧសភានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ក្នុងនោះរដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕


Telegram