ខេត្តកណ្ដាល៖ ពិតជាថ្លើមធំមែន! ជនសង្ស័យម្នាក់ គាស់ផ្ទះមន្ត្រីយោធាម្នាក់ លួចយកកាំភ្លើង និងទ្រព្យសម្បត្តិចំនួនទៀត ត្រូវអ្នកជិតខាងឃើញប្តឹងសមត្ថកិច្ចចុះមកចាប់ឃាត់ខ្លួនបានជាក់ស្តែង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ពេជ្រ មុនី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា។ ចំណែកជនសង្ស័យឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

របាយការណ៍ដដែលបន្តថា ដកហូត អាវុធខ្លី១ដើមម៉ាក LOCK.17 ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស លេខ19.00520 ,បង់១ ,ស្រោមពណ៌ខ្មៅ១ និងគ្រាប់ចំនួន១៣គ្រាប់, កុំព្យូទ័រលេបថប១គ្រឿងម៉ាកASUS ពណ៌ទឹកមាស, កន្ត្រៃដងជ័រពណ៌ក្រហមចំនួន១, ពិលពណ៌ខ្មៅចំនួន១ , ម៉ាឡេតពណ៌ទឹកប្រាក់ចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១, កាបូបដៃពណ៌ខ្មៅចំនួន១, ប័ណ្ណសម្គាល់យានយន្តស្លាកលេខ ភ្នំពេញ 1CB-3314 ចំនួន១សន្លឹក។

របាយការណ៍បន្តថា មុនកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានចេញពីផ្ទះទៅលេងផ្ទះម្តាយក្មេក នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន តាំងពីម៉ោង១០ព្រឹក ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ។ លុះដល់វេលាកើតហេតុខាងលើមានប្រជាពលរដ្ឋនៅជិតខាងបានបានរាយការណ៍ថាបានឮសូរដូចមានជនសង្ស័យលួចគាស់ផ្ទះដែលម្ចាស់មិននៅ ទើបកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពុងស្ពាយកាបូបពណ៌ខ្មៅដើរចេញពីផ្ទះជនរងគ្រោះ ទើបឃាត់ខ្លួនតែម្តងដើម្បីចាត់ការតាមច្បាប់បន្តទៀត៕



