អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់តាំងពីក្រុមមេដឹកនាំ យោធាបានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី នោះមក ធ្វើឲ្យវិបត្ដិនយោបាយ នៅក្នុងប្រទេសភូមា កាន់តែពុះកញ្ជ្រោលខ្លាំងឡើង ហើយក្រុមយោធាបានបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករអហិង្សា ទើបធ្វើឲ្យសកម្មជនដុតបំផ្លាញរោងចក្រ ដែលផ្ដល់ហិរញ្ញប្បទាន ដោយចិន បណ្ដាលឲ្យមនុស្សយ៉ាងតិច៣៩នាក់ស្លាប់ កាលពីថ្ងៃ១៤ ខេមីនា ឆ្នាំ២០២១ នៅក្នុងទីក្រុងពាណិជ្ជកម្ម យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ក្រុមសកម្មជនមីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានរៀបចំគម្រោងរបស់ពួកគេ បន្ដធ្វើបាតុកម្មប្រឆាំងនឹងក្រុមរដ្ឋប្រហារ បន្ទាប់ពីមានមនុស្សយ៉ាងតិច៣៩នាក់ ត្រូវបានក្រុមយោធាសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាមួយ ជាមួយនឹងកម្លាំងសន្ដិសុខ នៅក្នុងទីក្រុងយ៉ាំងហ្គូន ជាកន្លែង រោងចក្រដែលផ្ដល់ហិរញ្ញប្បទានរបស់ចិន ត្រូវបានដុតបំផ្លាញ។ ចិនត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដល់មេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កងសន្ដិសុខមីយ៉ាន់ម៉ាបានបាញ់សម្លាប់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ យ៉ាងតិច២២នាក់ នៅក្នុងតំបន់ជាយក្រុងយ៉ាំងហ្គូន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ ដោយឡែកមនុស្ស ចំនួន១៦នាក់ផ្សេងទៀត ត្រូវបានកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ នៅកន្លែងផ្សេង។
បើតាមបណ្ដាញផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយថា អាជ្ញាធរមីយ៉ាន់ម៉ា បានប្រើប្រាស់ច្បាប់អាជ្ញាសឹក នៅក្នុងខណ្ឌ Hlaingthaya និងខណ្ឌ Shwepyitha ទីក្រុងយ៉ាំងហ្គូន។
ដោយឡែកបណ្ដាញផ្សព្វផ្សាយក្នុងប្រទេសភូមា បានឲ្យដឹងថា ផ្សែងបានឆាបឆេះយ៉ាងខ្មួលខ្មាញ់ឡើង នៅក្នុងតំបន់ឧស្សាហកម្ម នៃប្រទេសនេះ ហើយកងកម្លាំងសន្ដិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។ ជាមួយនឹងភាពវឹកវរខាងនយោបាយ កាន់តែខ្លាំងឡើង នៅក្នុងប្រទេសភូមានោះ បានជំរុញប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើចំណាកស្រុក ចាកចេញពីប្រទេស។
ស្ថានទូតចិន ប្រចាំនៅក្នុងប្រទេសភូមា បានថ្លែងថា បុគ្គលិកជាជនជាតិចិនជាច្រើននាក់ បានរងរបួស ហើយខ្លះកំពុងជាប់នៅក្នុងរោងចក្រកាត់ដែរ នៅក្នុងតំបន់ Hlaingthaya ។ ជាមួយគ្នានេះដែរ ស្ថានទូតចិន បានអំពាវនាវដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវតែការពារផលប្រយោជន៍របស់ចិន និងប្រជាពលរដ្ឋចិន នៅក្នុងប្រទេសនេះ។
បណ្ដាញទូរទស្សន៍ Myawadday គ្រប់គ្រងដោយយោធា បានផ្សាយថា កម្លាំងសន្តិសុខបានធ្វើសកម្មភាព បន្ទាប់ពីរោងចក្រកាត់ដេរ ចំនួន៤ និងរោងចក្រផលិតជីមួយ ត្រូវបានភ្លើងឆាបឆេះ ហើយមនុស្សប្រហែល ២ ០០០នាក់ បានរារាំងមិនឲ្យក្រុមរថយន្ដពន្លត់អគ្គិភ័យ ចូលទៅកាន់ទីនោះ។ ដោយសារតែបញ្ហានេះ ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់។ ជាមួយគ្នានេះ ក្រុមយោធាបានជួយសង្គ្រោះដល់អ្នករងរបួស ចំនួន២០នាក់ កាលពីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ដោយឡែក សមាគមផ្ដល់ជំនួយដល់អ្នកទោសនយោបាយ ហៅកាត់ AAPP បានថ្លែងថា ចំនួនអ្នកស្លាប់ ពីការធ្វើបាតុកម្ម ប្រឆាំងនឹងអំពើរដ្ឋប្រហារនោះ បានកើនដល់១២៦នាក់។ នៅក្នុងអំពើរដ្ឋប្រហារនេះ ក្រុមយោធាបានចាប់ខ្លួនមនុស្ស ជាង ២ ៥០០នាក់ឃុំខ្លួន។ ប៉ុន្ដែមនុស្ស ជាង៣០០នាក់ ក៏ត្រូវបានក្រុមយោធាដោះលែងមកវិញផងដែរ។
ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី ជាច្រើននាក់ទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕ ប្រភព៖ Channel News Asia