ថៃដាក់បង្ហាញវត្ថុបុរាណដែលមានអាយុកាល​១០០០​ឆ្នាំ ក្រោយប្រគល់មកវិញ​ពីសហរដ្ឋអាមេរិកដែលត្រូវបានគេលួច
អន្តរជាតិ
412

បាងកក៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មភក់វត្ថុបុរាណចំនួនពីរ ដែលត្រូវបានគេជឿថា ត្រូវបានលួចពីប្រទេសថៃ ក្នុងអំឡុងសង្គ្រាមវៀតណាម ត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃច័ន្ទ (៣១​ឧសភា)នៅ​សារមន្ទីរបាងកក​។ ធ្នឹមទ្រទ្រង់ប្រាសាទដែលត្រូវបានប្រគល់ឱ្យវិញកាលពីថ្ងៃសុក្រ មានចម្លាក់អាទិទេពហិណ្ឌូនិងយ៉ាម៉ា ដែលមានតាំងពីចុងសតវត្សរ៍ទី​១០​ឬ​ទី១១​។

វត្ថុបុរាណនេះ ត្រូវបានគេដាក់តាំងបង្ហាញអស់រយៈពេលជាច្រើនទសវត្ស នៅឯសារមន្ទីរគំនូរអាស៊ាននៅសាន់ហ្វ្រាន់ស៊ីស្កូ ហើយការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណទៅកាន់ប្រទេសថៃនេះ គឺបន្ទាប់ពីការស៊ើបអង្កេតរយៈពេល១ឆ្នាំ ដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

កាលពីថ្ងៃច័ន្ទ សារមន្ទីរបានដាក់បង្ហាញ​វត្ថុបុរាណ ដោយមានការចូលរួមពីសំណាក់លោក Itthiphol Khunpluem រដ្ឋមន្រ្តីក្រសួងវប្បធម៌​។ លោកថ្លែងថា៖«ធ្នឹមទាំងពីរនេះ គឺជាភស្ដុតាងនៃប្រវត្តិសាស្ត្រដ៏សំបូរបែបនិងវិបុលភាពរបស់យើង ដែលមានតាំងពីរាប់សតវត្សរ៍មកហើយ»។

លោក Itthiphol ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនៅតែកំពុងពិភាក្សាថា តើវត្ថុបុរាណ នឹងត្រូវគេយកទៅសារមន្ទីរក្នុងស្រុកតូចៗនៅខេត្ត Buriram និង Sa Kaeo ដែលជាប់ព្រំដែនប្រទេស​កម្ពុជាដែរឬយ៉ាងណា​។

ធ្នឹមទាំងនោះមានលក្ខណៈពិសេសដែលឆ្លុះពីភាពល្បីល្បាញនៃប្រាសាទនានានៅកម្ពុជា ដែលបង្ហាញពីឥទ្ធិពលនិងការឈានទៅដល់​ព្រះរាជាណាចក្រខ្មែរបុរាណ ហើយត្រូវបានគេជឿថា ត្រូវបានគេលួចចេញពីប្រទេសថៃចន្លោះឆ្នាំ​១៩៥៨​និង​១៩៦៩​។

លោកItthipholបាននិយាយថា នៅតែមាន«បដិមាព្រះពុទ្ធចំនួន​១៣ ទៀតនិងរូបចម្លាក់ឆ្លាក់ដែលកំពុងរង់ចាំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក»។

សារមន្ទីរកាលីហ្វ័រញ៉ា បានជំទាស់នឹងការចោទប្រកាន់របស់ក្រុមអ្នកស៊ើបអង្កេតដែលថា វត្ថុបុរាណត្រូវបានគេលួច ហើយបានទទូចថា វាត្រូវចំណាយពេលយូរដើម្បីប្រគល់វត្ថុទាំងនោះមកវិញ។

សារមន្ទីរអាមេរិក មិនមែនជាទីកន្លែងតែមួយ ដែលត្រូវបានបញ្ចូលនៅក្នុងរឿងអាស្រូវសិល្បៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនោះទេ។

អូស្ត្រាលីបានធ្វើមាតុភូមិនិវត្តន៍យ៉ាងហោចណាស់ចំនួន​៨​រូប ដែលបានលួចទៅពីប្រទេសឥណ្ឌាតាំងពីឆ្នាំ​២០១៤​។

បារាំងបានប្តេជ្ញាថា នឹងប្រគល់វត្ថុដែលត្រូវបានយកមកពីសេណេហ្គាល់និងបេនីន ខណៈដែលប្រទេសហូឡង់កំពុងផ្លាស់ប្តូរវត្ថុបុរាណ ដែលត្រូវបានលួចពីអតីតអាណានិគមរបស់ខ្លួន៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram