ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ ខណៈលើកដែកផ្សារភ្ជាប់ដំបូល ប៉ះជាមួយខ្សែកាបស្រាត បណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូល បាក់.កស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពបុរសដែលស្លាប់មានឈ្មោះ ហ៊ាម ស៊ីដាន ភេទប្រុស អាយុ ៤១ ឆ្នាំ ស្នាក់នៅឯខេត្តតាកែវ មានប្រពន្ធនិងកូនចំនួន២នាក់ ក្នុងបន្ទុក ។
ប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នានិយាយថា ជនរងគ្រោះបានក្រោកពីដេក ធ្វើការតាមមុខងាររបស់ខ្លួនធម្មតា ដោយបានលើកដែកយកទៅផ្សារភ្ជាប់ដំបូល ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីជាមួយខ្សែកាបមេ ឆក់ធ្លាក់បាក់.កស្លាប់យ៉ាងរន្ធត់ភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យក្រុងភ្នំពេញ បានចុះមកពិនិត្យសពបញ្ជាក់ថា ពិតជាឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកការដ្ឋានខាងលើ អាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន សិនរង់ចាំពិនិត្យឯកសារច្បាប់សាងសង់សិន ទើបសម្រេចថាយ៉ាងម៉េចបន្តទៀត ៕




