ខេត្តព្រះសីហនុ ៖ ពិតជារន្ធត់ណាស់លោកអើយ មនុស្ស០៣នាក់បានស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ក្នុងករណីអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងឥន្ទនៈ រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ២ខ្នងទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៥០ នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ចំណុច ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
តាមរបាយការណ៍ពីសមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា ករណីអគ្គីភ័យនេះ បានឆាបឆេះ រថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820ដោយបាន ឆេះក្បាលរថយន្ត និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង បំផ្លាញម៉ូតូអស់០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ ម៉ឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់(ស្រីម្នាក់ ប្រុស០២នាក់ផងដែរ)។
របាយការណ៍បានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ។
ប្រភេទ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។
-ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលអោយឆេះដល់កូនស្លាប់ចំនួន០៣នាក់ទៀតរួមមាន÷
១. មានឈ្មោះ យ៉ារី សុខសិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២. ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៣. ឈ្មោះ ភក្ដី សំមេន ភេទ ប្រុស អាយុ ១៣ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។
ចំណែកមូលហេតុ តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថាមុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើ រួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។
ចំពោះករណីអគ្គិភ័យខាងលើកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនិង០១២ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនិង០៨ម៉ែត្រគូប ទើបរលត់ទៅវិញទាំងស្រុង ៕ នុច

















