រាជធានីភ្នំពេញ៖ រថយន្តកូរ៉េ ០១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយម៉ូតូ ០១គ្រឿង អូសប្រមាណជា៣០ ម៉ែត្រ តែសំណាងល្អ មិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតទ្បើយ ភ្លាមៗរថយន្តនោះ មិនទាន់អស់ល្បឿន បានបន្តទៅបុកនឹងរថយន្ត០១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៤ និង១០ នាទីថ្ងៃទី១ មិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូបើកបរស្របទិសគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុ រថយន្តកូរ៉េពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ3A-5818 ខាងលើ សង្ស័យបើកបរខ្វះការប្រុងប្រយ័ត្ន ដោយបើកបរល្បឿនលឿន បានមកបុកម៉ូតូម៉ាកឌ្រីមសង់ ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5066 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យម៉ូតូអូសខូលក្រោមរថយន្ត ប្រមាណជា ៣០ម៉ែត្រ ចំណែកអ្នកបើកបរម៉ូតូបានខ្ទាតចេញពីម៉ូតូរងរបួសស្រាល ភ្លាមនោះ រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ទៅបុកនឹងរថយន្តម៉ាកស្តារិច ដែលពាក់ស្លាកលេខ ភ្នំពេញ2U-0696មួយគ្រឿងទៀត ដែលឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងករណីខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសដល់អាយុជីវិតទ្បើយ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល មេសា