ជម្លោះសមុទ្រចិនខាងត្បូង៖ ​ម៉ាឡេស៊ីចោទ​ចិនថា បានរំលោភដែនអាកាសរបស់ខ្លួន
អន្តរជាតិ
549

អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនិយាយថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីយន្តហោះយោធាចិន ចំនួន​១៦ គ្រឿង បានហោះលើដែនទឹកដែលមានជម្លោះនៅរដ្ឋ​Sarawakរបស់ខ្លួន។

យន្តហោះចម្បាំងជាច្រើន ត្រូវបានគេឃើញ​ហោះកាលពី​ថ្ងៃច័ន្ទ«គួរឱ្យសង្ស័យ»នៅលើសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសម៉ាឡេស៊ី បានពិពណ៌នា អំពីសមយុទ្ធនេះថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ។ ទោះយ៉ាងណា ចិ​នបាននិយាយថា យន្តហោះរបស់ខ្លួនបានគោរពតាមច្បាប់អន្តរជាតិ។

ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ តៃវ៉ាន់និងវៀតណាម ចូលរួមប្រកួតប្រជែងទាមទាររបស់ចិន ស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង។ ជម្លោះបានថមថយ​អស់ជាច្រើនទសវត្ស ប៉ុន្តែភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទីក្រុងប៉េកាំងបន្តទាមទារតំបន់ដែលគេស្គាល់ថាជា«ខ្សែប្រាំបួនខ្សែ»ហើយបានគាំទ្រការទាមទាររបស់ខ្លួន ជាមួយការកសាងកោះនិងការល្បាត ដោយពង្រីកវត្តមានយោធារបស់ខ្លួន​។

យោងតាមកងទ័ពអាកាសម៉ាឡេស៊ី យន្តហោះចិនបាន«ហោះហើរតាមបែបយុទ្ធសាស្ត្រ»ដែលមានកម្ពស់រហូតដល់ ២៧.០០០ ហ្វីត (៨,២ គីឡូម៉ែត្រ) ហើយបានទៅដល់ចម្ងាយ ១០០ ម៉ាយល៍ (១១០ គីឡូម៉ែត្រ) នៃ​រដ្ឋ Sarawakម៉ាឡេស៊ី នៅលើកោះBorneo។

​រដ្ឋមន្រ្តីក្រសួងការបរទេស លោក Hishammuddin Hussein បាននិយាយថា យន្តហោះទាំងនោះបានចូលទៅក្នុង« តំបន់ដែនសមុទ្រ»របស់ប្រទេសម៉ាឡេស៊ី ហើយថា បណ្តឹងមួយនឹងត្រូវបានដាក់ជាមួយទីក្រុងប៉េកាំង។

លោកបាននិយាយថា ឯកអគ្គរដ្ឋទូតចិន ត្រូវបានកោះហៅដើម្បីពន្យល់អំពី« ការរំលោភដែនអាកាស និងអធិបតេយ្យភាពរបស់ម៉ាឡេស៊ី»។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ជំហររបស់ម៉ាឡេស៊ីគឺច្បាស់ - ការមានទំនាក់ទំនងការទូតជាមិត្តជាមួយប្រទេសណាមួយ មិនមានន័យថា យើងនឹងសម្របសម្រួលលើសន្តិសុខជាតិរបស់យើងនោះទេ»។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំនៅកូឡាឡាំពួរ បាននិយាយថា«ក្នុងអំឡុងពេលហ្វឹកហាត់នេះ យន្តហោះយោធាចិន បានគោរពយ៉ាងតឹងរឹងដោយច្បាប់អន្តរជាតិពាក់ព័ន្ធ ហើយមិនបានចូលដែនអាកាសដែនដីនៃប្រទេសណាមួយឡើយ»​។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចសំខាន់មួយរវាងប្រទេសចិននិងប្រទេសដទៃទៀត នៅក្នុងតំបន់ដែលទាមទារអធិបតេយ្យភាពលើប្រជុំកោះចំនួន​២​ គឺប្រជុំកោះ Paracels និង Spratlys៕​ 

ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន

Telegram