អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថាក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអាទិត្យ (៦ មិថុនា)ថា ប្រទេសថៃ មានការព្រួយបារម្ភចំពោះអំពើហិង្សា នៅតាមតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយចង់ឃើញការអនុវត្តជំហានដែលបានឯកភាពគ្នា ដោយមេដឹកនាំអាស៊ីអាគ្នេយ៍ជាមួយរបបយោធា ដើម្បីជួយបញ្ចប់ភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញសញ្ញាតិចតួចនៃការយកចិត្តទុកដាក់លើ«ការមូលមតិគ្នា» ដែលបានព្រមព្រៀងគ្នាក្នុងចំណោមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)កាលពីខែមេសា ដែលអំពាវនាវឲ្យបញ្ឈប់អំពើហិង្សា កិច្ចពិភាក្សានយោបាយ និងការដាក់ឈ្មោះប្រេសិតពិសេសប្រចាំតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានតាមដានការវិវឌ្ឍន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេស ឧប្បត្តិហេតុនៃអំពើហិង្សានៅក្នុងតំបន់ជាច្រើននៃប្រទេស។
លោកបានបញ្ជាក់ជាថ្មីម្តងទៀត នូវការអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា ការដោះលែងអ្នកជាប់ឃុំទាំងអស់និង« ការអនុវត្តជាក់ស្តែងនៃការព្រមព្រៀងគ្នា ៥ ចំណុច» ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
របបយោធាបានបរាជ័យ ក្នុងការដាក់ការគ្រប់គ្រង ចាប់តាំងពីការដណ្តើមអំណាច ពីមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ួង សានស៊ូជី ដែលស្ថិតក្នុងចំណោមមនុស្សជាង ៤.៥០០ នាក់ ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ។ យ៉ាងហោចណាស់មានមនុស្ស ៨៤៧ នាក់ត្រូវបានសម្លាប់។
ទន្ទឹមនឹងនេះដែរ ការតវ៉ាប្រចាំថ្ងៃ ប្រឆាំងនឹងយោធា បានវិវត្តនៅផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ទៅជាការបះបោរប្រដាប់អាវុធ ខណៈជម្លោះជនជាតិភាគតិច បានផ្ទុះឡើងជាថ្មី។
ក្រុមប្រឆាំងរបបយោធា បានសម្តែងការមិនសប្បាយចិត្ត ចំពោះការខ្វះសកម្មភាពតឹងរឹងរបស់អាស៊ាន និងនិយាយថា ការប្រជុំតំណាងពីរនាក់នៃក្រុមនេះ ជាមួយមេដឹកនាំរបបយោធា គឺលោកMin Aung Hlaing កាលពីថ្ងៃសុក្រ បានផ្តល់ឱ្យលោកនូវភាពស្របច្បាប់កាន់តែច្រើន ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ។
ប្រទេសថៃ មានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា ហើយខ្លាចជម្លោះនេះ អាចនាំមកនូវលំហូរ របស់ជនភៀសខ្លួន។
លោក Tanee មានប្រសាសន៍ថា« ភាគច្រើននៃអ្វីដែលប្រទេសថៃបានធ្វើ ប្រហែលជាមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ព្រោះយើងជឿជាក់ថា ការទូតស្ងាត់ស្ងៀមនិងមានភាពវាងវៃរវាងប្រទេសជិតខាង នឹងកាន់តែមានប្រសិទ្ធិភាពនិងស្របតាមការទូតប្រពៃណីរបស់ប្រទេសថៃ»៕