ក្រុងឡុងដ៍៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេស ជាច្រើន នាក់ បានជំរុញឱ្យប្រទេសអ្នកមាន (G7)ធានាបាននូវការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោក ដើម្បីជួយបញ្ឈប់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ ការបំប្លែងខ្លួនរបស់វា និងការវិលត្រលប់របស់វា មកគំរាមកំហែងពិភពលោក ។
មេដឹកនាំទាំងអស់ បានអំពាវនាវនៅមុនកិច្ចប្រជុំកំពូល G7នៅប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍ នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជាមួយមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន។
នៅក្នុងលិខិតរបស់ពួកគេទៅកាន់ G7 អតីតមេដឹកនាំពិភពលោក បាននិយាយថា កិច្ចសហប្រតិបត្តិការពិភពលោកបានបរាជ័យក្នុងឆ្នាំ ២០២០ ប៉ុន្តែថា ឆ្នាំ ២០២១ អាចនឹងឈានទៅរកយុគសម័យថ្មីមួយ។
លិខិតនោះបាននិយាយថា «ការគាំទ្រពីសំណាក់ក្រុមប្រទេស G7 និង G20 ដែលជួយដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងនេះ មិនមែនត្រឹមតែជាសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ប្រទេសនីមួយៗ»។
ក្នុងចំណោមប្រទេសហត្ថលេខី រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown និងលោក Tony Blair អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban-Ki Moon និងអតីតមេដឹកនាំអាហ្វ្រិកចំនួន ១៥ នាក់។
ពួកគេបាននិយាយថា G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ គួរតែធានានូវអ្វីដែលនឹងមានចំនួនប្រហែល ៣០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរឆ្នាំ ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ការអំពាវនាវរបស់អតីតថ្នាក់ដឹកនាំពិភពលោកខាងលើនេះ បានកើតឡើងស្របពេលជាមួយនិងការស្ទង់មតិរបស់ អង្គការសង្គ្រោះកុមារ (Save the Children) ដែលបានទទួលការគាំទ្រជាសាធារណៈយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងកាណាដា ក្នុងការដែលឱ្យក្រុមបណ្ដាប្រទេស G7 ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៦៦ពាន់លានដុល្លារអាមេរិក ដែលត្រូវការដើម្បីធានាបាននូវ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោក។
ការស្ទង់មតិបានបង្ហាញថា នៅចក្រភពអង់គ្លេស ៧៩ ភាគរយ បានគាំទ្រគោលនយោបាយបែបនេះ ហើយ ៧៩ ភាគរយនៃជនជាតិអាមេរិកបានគាំទ្រសំណើនេះ។ ការគាំទ្រមានកម្រិតទាបបំផុតនៅក្នុងប្រទេសបារាំងដែល ៦៣ ភាគរយបានគាំទ្រ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន