អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា រថភ្លើងចំនួនពីរគ្រឿងបានបុកគ្នានៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់អ្នកដំណើរយ៉ាងតិច ៣០ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះនិងអ្នកភូមិបានធ្វើការទាញអ្នករបួសនិងសាកសពជាច្រើនទៀតចេញពីបំណែករថភ្លើង។
លោក Umar Tufail ប្រធានប៉ូលីសនៅស្រុក Ghotki ខេត្ត Sindh បាននិយាយថា អ្នកដំណើរចន្លោះពី ១៥ ទៅ ២០ នាក់នៅតែជាប់នៅក្នុងបំណែកនៃរថភ្លើង Millat Express ហើយអាជ្ញាធរកំពុងព្យាយាមរៀបចំគ្រឿងយន្ត សម្រាប់ជួយសង្គ្រោះ។
លោក Usman Abdullah ស្នងការរងនៅ ស្រុកGhotki បាននិយាយថា រថភ្លើង Millat Express បានធ្លាក់និងរថភ្លើង Sir Syed Express បានបុក ភ្លាមៗតែម្តង។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ នោះទេ។
លោកបានមានប្រសាសន៍ថា«ឥឡូវនេះ បញ្ហាប្រឈមសម្រាប់យើង គឺត្រូវជួយសង្គ្រោះអ្នកដំណើរទាំងនោះ ដែលកំពុងជាប់នៅក្នុងបំណែកបាក់បែកនោះ»។
យោងតាមមន្រ្តីផ្លូវដែក អ្នកដំណើរប្រហែល ១១០០នាក់ នៅលើរថភ្លើង ទាំងពីរ និងការរៀបចំត្រូវបានធ្វើឡើងដើម្បីជួយអ្នកដំណើរដែលនៅរស់រានមានជីវិត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដំណើរមួយចំនួន បានធ្វើដំណើរតាមរថភ្លើងMillat Express ដើម្បីចូលរួមពិធីជប់លៀងមង្គលការ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា ពួកគេស្ថិតក្នុងចំណោមអ្នកស្លាប់ឬរងរបួសនោះទេ។
អាជ្ញាធរបាននិយាយថា កងទ័ពក៏បានទៅដល់កន្លែងកើតហេតុដើម្បីចូលរួមក្នុងការងារជួយសង្គ្រោះ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយយោធាប៉ាគីស្ថានបាននិយាយថា«ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងត្រូវបានហោះហើរពី Multan សម្រាប់ការជម្លៀសប្រជាជននិងវិធានការជួយសង្គ្រោះរហ័ស»។
អ្នកស្រុក Malik Aslam បានប្រាប់ទូរទស្សន៍ Geo News របស់ប្រទេសប៉ាគីស្ថានថា មនុស្សប្រហែល ១០០ នាក់បានរងរបួស ហើយ យ៉ាងហោចណាស់អ្នកដំណើរចំនួន ៣០ នាក់ក្នុងកំឡុងពេលធ្វើការជួយសង្គ្រោះ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន