មីយ៉ាន់ម៉ា៖ ការកាត់ក្តី​លោកស្រី អ៊ុង សានស៊ូជី ​នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ
អន្តរជាតិ
162

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា​ មេធាវីរបស់លោកស្រីបាននិយាយថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី អោង សាន​ស៊ូ​ជី ដែលត្រូវបានទម្លាក់ពីប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយម្ចាស់ពានរង្វាន់ណូបែលរូបនេះ ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ​ ល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។​

លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូ ជី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទថា ការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើមនៅថ្ងៃទី​១៤​ខែមិថុនា ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី ហើយរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២៦ ខែកក្កដា ។

បើតាមតាមការបញ្ជាក់ពីមេធាវីលោកស្រី ស៊ូ ជី ឲ្យដឹងទៀតថា លោកបានជួបមុខលោកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោបាយរបស់លោកស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ ក្រោមការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ និងបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាប់ឆ្នោតផ្សេងទៀត។ ប៉ុន្តែយោធាបានបរាជ័យក្នុងការដាក់ការគ្រប់គ្រងដោយការកាន់កាប់នេះ បានបង្កឱ្យមានការតវ៉ាស្ទើរតែរាល់ថ្ងៃនិងចលនាមិនគោរពតាមស៊ីវិលទូទាំងប្រទេស។ យ៉ាងហោចណាស់មានមនុស្ស ៨៤៩ នាក់ត្រូវបានសម្លាប់ និង ៤.៥០០ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួន។

លោកស្រី អ៊ុង សានស៊ូជី អាយុ ៧៥ឆ្នាំ ក៏ត្រូវបានឃុំខ្លួនក្នុងផ្ទះ នៅក្នុងរដ្ឋធានីណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃទី​២៤ ខែឧសភា នៅពេលលោកស្រីចូលរួមសវនាការរយៈពេល​៣០​នាទី។

អាស៊ានជំរុញឱ្យយោធាដោះលែង​ មេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង បានចំណាយពេលជាង​១៥ ឆ្នាំនៅក្នុងការឃុំឃាំងក្នុងផ្ទះ ក្នុងអំឡុងពេលនៃការគ្រប់គ្រងយោធា មុនពេលលោកស្រី ត្រូវបានដោះលែងនៅឆ្នាំ ២០១០ និងបានឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតដែលធ្វើឡើង៥ឆ្នាំក្រោយ។

មេដឹកនាំរដ្ឋប្រហារ លោក Min Aung Hlaing បានបង្ហាញពីភាពត្រឹមត្រូវ នៃការដណ្តើមអំណាចរបស់ខ្លួន ដោយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។​ យោធាធ្លាប់បាននិយាយថាខ្លួននឹងរៀបចំការបោះឆ្នោតថ្មី ក្នុងរយៈពេលពីរឆ្នាំទៀត ប៉ុន្តែក៏បានគំរាមរំលាយគណបក្ស NLD របស់លោកស្រីស៊ូជីផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍ពីប្លុកក្នុងតំបន់ បានឱ្យដឹងថា ក្រុមប្រេសិតមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​បានជួបជាមួយលោក Min Aung Hlaing កាលពីថ្ងៃសុក្រ​និងបានជំរុញឱ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងអ្នកទោសនយោបាយទាំងអស់។

នៅថ្ងៃទី​៥ ខែមិថុនា សេចក្តីថ្លែងការណ៍បាននិយាយថាប្រេសិត« បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងស្ត្រីនិងកុមារនិងជនបរទេស»។

ប្រេសិតអាស៊ានក៏បានពិភាក្សាពីការអនុវត្ត«​ការមូលមតិគ្នា​៥​ចំណុច» ដែលបានឈានដល់ក្នុងកិច្ចពិភាក្សា រវាងឧត្តមសេនីយ៍ជាន់ខ្ពស់ និងមេដឹកនាំអាស៊ីអាគ្នេយ៍ អំឡុងកិច្ចពិភាក្សាកាលពីខែមេសា។ ការមូលមតិគ្នាអំពាវនាវឱ្យបញ្ឈប់នូវអំពើហិង្សា ការជជែកនយោបាយ និងការដាក់ឈ្មោះប្រេសិតពិសេសប្រចាំតំបន់។

វិបត្តិមីយ៉ាន់ម៉ា ក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទមួយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​- ចិន ពិសេសនៅឆុងឈីងប្រទេសចិនក្នុងសប្តាហ៍នេះ។ ឯកអគ្គរដ្ឋទូតចិន បានជួបជាមួយលោក Min Aung Hlaingកាលពីថ្ងៃសៅរ៍។

កាសែត Global Timesដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានដកស្រង់សម្តីមេដឹកនាំរដ្ឋប្រហារ ដែលនិយាយថា មីយ៉ាន់ម៉ាមានឆន្ទៈក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងនេះ។ សេចក្តីរាយការណ៍បាននិយាយថា ឯកអគ្គរដ្ឋទូតបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រការអនុវត្តការមូលមតិគ្នានេះ៕  

ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram