ចិនជំរុញឲ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រ និង ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាជនខ្លួននៅទីនោះ
អន្តរជាតិ
131

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចញផ្សាយនៅថ្ងៃទី១ ៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងយ៉ាំងហ្គោន ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា រោងចក្រចំនួន ៣២កន្លែង នៅទីក្រុងយ៉ាំងហ្គោន ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបាន ដុតបំផ្លាញ និងវាយកម្ទេចនៅក្នុងការវាយប្រហារយ៉ាងសាហាវទៅលើក្រុមហ៊ុនចិននៅក្នុងទីក្រុងយ៉ាងហ្គន (Yangon) កាលពីរសៀលថ្ងៃចន្ទ ដែលបណ្តាលឲ្យខូចខាតគិតជាទឹកប្រាក់ចំនួន៣៧ លានដុល្លា រ និងបណ្តាលឱ្យនិយោជិក ២ នាក់រងរបួស ស្របពេលដែលកម្លាំងសន្តិសុខបានធ្វើការបើកការបាញ់បង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករ ដែលបានបណ្តាល ឲ្យ មនុស្សរាប់សិបនាក់ស្លាប់។

ដោយចាត់ទុកឧប្បត្តិហេតុនេះថាជារឿងអាក្រក់បំផុតនោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា និងការពារក្រុមហ៊ុន និងបុគ្គលិកចិន បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រសហគ្រាសចិននៅទីនោះ។

លោកបាននិយាយថា ប្រទេសចិន« មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់លើសុវត្ថិភាពនៃស្ថាប័ននិងបុគ្គលិកចិន។ សកម្មភាពនៃច្បាប់ក្រៅប្រទេសទាំងនេះមិនមានផលប្រយោជន៍សម្រាប់ប្រទេសមីយ៉ាន់ម៉ានិងប្រជាជនរបស់ខ្លួនទេ»។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា« ប្រទេសចិននឹងបន្តជម្រុញឱ្យមីយ៉ាន់ម៉ាចាត់វិធានការជាក់ស្តែង ដើម្បីបញ្ឈប់រាល់អំពើហឹង្សា និងការធានានូវសុវត្ថិភាពជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនចិន»។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចេញមកធ្វេីបាតុកម្មជាថ្មីកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការបង្ក្រាបដ៏បង្ហូរឈាមបំផុត មិនធ្លាប់ទៅលើការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈមក។

ការបង្ហូរឈាមដ៏អាក្រក់បំផុតកាលពីថ្ងៃអាទិត្យនោះបានកើតឡើងនៅក្នុងតំបន់ ឡាំងថាយ៉ា (Hlaing Tharyar) ក្នុងទីក្រុង យ៉ាងហ្គន (Yangon) ជាកន្លែងដែលកម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតុករយ៉ាងតិច ៣៧នាក់ បន្ទាប់ពីមានការដុតបំផ្លាញរោងចក្រចិននៅទីនោះ។

យោធាបានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់នេះបន្ទាប់ពីរោងចក្រសហគ្រាសរបស់ចិនបានទទួលរងការវាយប្រហារ។ ក្រុមអ្នកតវ៉ាជឿថា ប្រទេសចិនកំពុងផ្តល់ការគាំទ្រដល់យោធាមីយ៉ាន់ម៉ា៕ ប្រភព៖ Channel News Asia


Telegram