សេអ៊ូល៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្ស០៩នាក់បានស្លាប់ និង០៨ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីអគារមួយបានបាក់នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា បេតុងពីអគារបានកប់រថយន្ដក្រុង ដែលបានបញ្ឈប់នៅស្ថានីយ៍ក្បែរកន្លែងសំណង់។
ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្រ្តីសង្គ្រោះបន្ទាន់បានបញ្ជូនទៅកន្លែងនោះនៅក្នុងភាគខាងត្បូងនៃទីក្រុងហ្គាំងជូ បានជួយសង្គ្រោះមនុស្សចំនួន ៨ នាក់ដែលទាំងអស់បានរងរបួសធ្ងន់។ គេមិនបានដឹងថា តើមនុស្សទាំង៨ នាក់នោះ នៅខាងក្នុងឡានក្រុងឬអាគារនោះទេ។
យោងតាមប្រភពដដែលបន្តថា ជនរងគ្រោះភាគច្រើនជាអ្នកដំណើរតាមរថយន្តក្រុង។ ដំបូងឡើយរថយន្តចំនួន ២ គ្រឿងដែលត្រូវបានគេគិតថាបានកប់នៅក្រោមគំនរបាក់បែកនោះ ត្រូវបានអាជ្ញាធរបញ្ជាក់ថាបានរួចផុតពីឧប្បត្តិហេតុនេះ។
មន្ត្រីទីភ្នាក់ងារពន្លត់អគ្គីភ័យបាននិយាយថា ពួកគេកំពុងស្វែងរកមនុស្សផ្សេងទៀតដែលអាចនឹងជាប់នៅក្រោមគំនរបាក់បែក៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន