មនុស្ស​៧​នាក់រួមទាំងព្រះសង្ឃជាន់ខ្ពស់​២​អង្គ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា
អន្តរជាតិ
137

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកនាំពាក្យយោធាបាននិយាយថា យន្ដហោះយោធាមីយ៉ាន់ម៉ាដែលដឹកព្រះសង្ឃជាន់ខ្ពស់មួយអង្គ បានធ្លាក់នៅជិតទីក្រុង​ Mandalay នៅថ្ងៃព្រហស្បតិ៍នេះ(១០​មិថុនា)​។

យន្តហោះដែលដឹកនាវិក​៦​នាក់ និងអ្នកដំណើរ​៨នាក់ បានចាកចេញពីរដ្ឋធានីNaypyidawនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះទៅកាន់ទីក្រុង​Pyin Oo Lwin ដែលជាតំបន់មួយស្ថិតនៅកណ្តាលទីក្រុង​Mandalay​។

អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«​យន្តហោះបានបាត់បង់ការទំនាក់ទំនងនៅពេលវាស្ថិតនៅចម្ងាយ ៤០០​ម៉ែត្រ ពីរោងចក្រដែកនៅជិតព្រលានយន្តហោះ»។ ក្រុម​ជួយសង្គ្រោះ បានសង្រ្គោះអ្នកដំណើរពីរនាក់​បានបញ្ជូនទៅមន្ទីរពេទ្យយោធាក្បែរនោះ។

មិនមានព័ត៌មានលម្អិតណាមួយស្តីពីការស្លាប់និងរបួសនោះទេ ដោយលោក Zaw Min Tun បានបន្ថែមថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុនៅឡើយ។

ដោយឡែកមន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្ស​៧​នាក់រួមទាំងព្រះសង្ឃជាន់ខ្ពស់​២ អង្គ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។ លោកថ្លែង​ថា«ស្ត្រីម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។

មុនពេលរដ្ឋប្រហារថ្ងៃទី ១ខែកុម្ភៈ ដែលយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច​,ការធ្លាក់យន្តហោះជារឿងធម្មតានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែវិស័យអាកាសចរណ៍ដែលមិនទាន់អភិវឌ្ឍ។

ព្រះសង្ឃភូមាបានដឹកនាំការតស៊ូ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា ប៉ុន្តែត្រូវបានបំបែកលើរដ្ឋប្រហារដែលបានបញ្ចប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ ដោយមេដឹកនាំសាសនាសំខាន់ៗមួយចំនួនបានការពាររបបយោធាថ្មី។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា យោធាបានព្យាយាមបង្ក្រាបការតវ៉ាទ្រង់ទ្រាយធំ ជាមួយនឹងការបង្ក្រាបបង្ហូរឈាមដែលបានសម្លាប់ជនស៊ីវិលជាង ៨០០​នាក់។

ប្រការនេះបានជំរុញឱ្យជនស៊ីវិលនៅតាមទីប្រជុំជនមួយចំនួនបង្កើតជា«កម្លាំងការពារ» ខណៈពេលដែលកងទ័ពឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ា បានបង្កើនការវាយលុកប្រឆាំងនឹងយោធា។

កាលពីខែមុនកងទ័ពឯករាជ្យកាឈិន ដែលជាក្រុមឧទ្ទាមជនជាតិភាគតិច ដែលបានធ្វើការបះបោរប្រឆាំងនឹងយោធាជាច្រើនទសវត្ស បានទម្លាក់ឧទ្ធម្ភាគចក្រកងទ័ពអំឡុងពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង៕​ 

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram