ភ្នំពេញ៖ រោងចក្រកាត់ពុម្ពពូកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមមួយប៉ប្រិចភ្នែក តែប៉ុណ្ណោះ ទោះបីជាមានការអន្តរាគមន៍បាញ់ពន្លត់ពីខាងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក៏ដោយ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រោងចក្រពុម្ពនេះ មានឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ត្រូវបានភ្លើងឆាបឆេះរោងចក្រដែលមានទំហំ២៥ម៉ែត្រx៣០ម៉ែត្រ ឆេះស្បែកពូកប្រហែល ៥០០ដុំអស់ទាំងស្រុង ហើយមិនបណ្តាលឲ្យរាលដាលនោះទេ។
ភា្លមៗគេឃើញ រថយន្តការិយាល័យអគ្គិភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនិង ៦៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជំនួយ រួមមាន៖
-រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន។
-រថយន្តពន្លត់អគ្គិភ័យ តម្រួតបទបញ្ជា ចំនួន ៣គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន។
-រថយន្តពន្លត់អគ្គិភ័យ ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ ទឹកអស់ ៣ឡាន ។
-រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ពុំបានប្រើប្រាស់ទឹក។
-រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ។
-រថយន្តពន្លត់អគ្គិភ័យ ផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ។
-រថយន្តពន្លត់អគ្គិភ័យ បុរី ក្តីសង្ឃឹមថ្មី ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ។
អគ្គិភ័យនេះ បានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ហើយមូលហេតុត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕