ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ ត្រូវបានម្តាយមីងប្រទះឃើញដេកផ្កាប់មុខស្លាប់ មិនដឹងតាំងពីពេលណា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២២៥A១៨ ជាន់ទី១ ផ្លូវ វីអាយភី ច្រកចូលអាគារព្រីនស៍ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
របាយការណ៍ដដែលបន្តថា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានផឹកស្រា រួចហើយក៏ស្រវឹង ក៏បានទ្បើងទៅខាងលើផ្ទះដើម្បីទៅដេក លុះនៅវេលាម៉ោងកើតហេតុ មិនឃើញជនរងគ្រោះចុះមកខាងក្រោម ម្តាយមីងជនរងគ្រោះ ទ្បើងទៅគោះទ្វារហៅ តែមិនឃើញបើកឲ្យ សោះ គាត់ក៏បានចុះមកហៅបងប្អូនឲ្យទៅជួយមើល និងបានគាស់ទ្វារផ្ទះចូលទៅឃើញជនរងគ្រោះដេកផ្កាប់មុខ ដាច់ខ្យល់ស្លាប់ទៅហើយ ។
តាមការសន្និដ្ឋានធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះសពស្លាប់ដោយជំងឺលើសឈាមនិងប្រគល់ឲ្យសាច់ញាតិ ដឹកទៅវត្តចាក់ អង្រែលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕




