រត់ទៅណារួចលោកចោរ! ប៉ូលិសតាមក្របួចជនដៃដល់អារកសម្លាប់ប្លន់យកទ្រព្យបុរសម្នាក់នៅភ្នំពេញរួចរត់ទៅសម្ងំពួននៅខេត្តតាកែវបានហេីយ
សន្តិសុខសង្គម
451

រាជធានីភ្នំពេញ៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុត ជនដៃដល់ និង អ្នករួមគំនិត ធ្វើសកម្មភាពអាករសម្លាប់ បុរសម្នាក់ នៅខណ្ឌច្បារអំពៅ

រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និង មានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មាន ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯក សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ និង ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបាន នៅស្រុងគិរីវង់ ខេត្តតាកែវ ។

តាមចម្លេីយសារភាពបឋមរបស់ជនសង្ស័យខាងលេីបានឲ្យដឹងថា: កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុពួកខ្លួនបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នានៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន ។ មិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង ២នាក់ បានចែកសំភារៈគ្នា ក្នុងនោះ ឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប បានយកចិញ្ជៀនមាស និងខ្សែក របស់ជនរងគ្រោះ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ របស់ជនរងគ្រោះ រួចឈ្មោះ ម៉េង ណាឃីម បានគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវតែម្តង ។

បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំឯកសារប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការ ៕


Telegram