ភ្នំពេញ៖ រថយន្ត LexusGS 300 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទេចផ្នែកខាងមុខរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ មុខអគ្គិសនីទី២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ និងរួមដំណើរជាមួយម្នាក់ទៀត បើករថយន្តម៉ាក LexusGS 300
ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 2-3480 តាមផ្លូវជាតិលេខ២ពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខទាំងស្រុង បាក់របាំងថ្ម១កង់ តែគ្មានអ្នករបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទួចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕





