កំពង់ស្ពឺ៖ មានករណីឃាតកម្មដ៍សាហាវមួយបានកើតឡើង ផ្តើមចេញពីការសង្ស័យ រហូតក្លាយជាកំហឹង ដោយបុរសម្នាក់ បានក្លាយជាឃាតកសម្លាប់មនុស្ស ក្រោយចោទថាប្រពន្ធមានស្នេហាក្រៅឆាក ជាមួយអ្នកដែលខ្លួនសម្លាប់ ឈានដល់ការយកកាំបិតផ្គាក់កាប់សម្លាប់ កាលពីវេលាម៉ោង២និង ៤០នាទី ថៃ្ងទី១៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យោងរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សែម ភា ហៅវ៉េវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុជាមួយជនដៃដល់។
ក្នុងនោះ តាមការបញ្ជាក់ពីសមត្ថកិច្ច ជនដៃដល់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយនៅខាងក្រោយផ្ទះ ដោយមិនបានដឹងខ្លួន ។
ដោយការសម្លាប់នេះ ជនដៃដល់ បានកាប់ចំនួន០៤ កាំបិត ចំក្បាលលើត្រជៀក ខាងស្ដាំ ១កាំបិត , កញ្ចឹងក២កាំបិត សង្ខាង និង កែងដៃខាងស្ដាំ ១កាំបិត។
របាយការណ៍ដដែលបន្តថា មូលហេតុនៃការសម្លាប់នេះ គឺ ជនដៃដល់បានចោទប្រកាន់សង្ស័យថាប្រពន្ធខ្លួន មានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយជនរងគ្រោះ ។
បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបាន កម្លាំងនគរបាល ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក សំរោងទង កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
.jpg?1615947616)
.jpg?1615947616)
.jpg?1615947616)

