អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានបដិសេធចំពោះការស្លាប់យ៉ាងគំហុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដោយព្រមានថា ក្រុមអ្នកតវ៉ាដែលត្រូវបានឃុំខ្លួនកំពុងប្រឈមមុខនឹងការធ្វើទារុណកម្ម ហើយមនុស្សរាប់រយនាក់បានបាត់ខ្លួន។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី។
លោកស្រីបានមានប្រសាសន៍ថា សរុបការិយាល័យបានបញ្ជាក់ថា មនុស្សសរុបចំនួន ១៤៩ នាក់បានស្លាប់ នៅក្នុងការបង្ក្រាបការតវ៉ាចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដគឺពិតជាខ្ពស់ជាងនេះ។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មនុស្សជាង ១៨០ នាក់ ត្រូវបានសម្លាប់រួមទាំង ៧៤ នាក់កាលពី ថ្ងៃអាទិត្យ ។
ក្រៅពីការសម្លាប់នេះ លោកស្រី Shamdasani បានព្រមានថា កម្លាំងសន្តិសុខកំពុងបន្តចាប់ខ្លួននិងឃុំខ្លួនមនុស្សនៅទូទាំងប្រទេស ដោយបំពានហើយបច្ចុប្បន្ននេះយ៉ាងហោចណាស់មានមនុស្សចំនួន ២ ០៨៤ នាក់កំពុងត្រូវបានឃុំខ្លួន។
លោកស្រីបាននិយាយថា« របាយការណ៍ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនៃការធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំងក៏បានលេចចេញមកហើយដែរ»។
ការិយាល័យបានកំណត់ថា« យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ» ដោយបន្ថែមថា សាកសពជនរងគ្រោះ ២នាក់ បានបង្ហាញសញ្ញានៃការរំលោភបំពានរាងកាយធ្ងន់ធ្ងរដែលបង្ហាញថាពួកគេត្រូវបានគេធ្វើទារុណកម្ម។ លើសពីនេះ«មនុស្សរាប់រយនាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅតែមិនរាប់បញ្ចូលនិងមិនត្រូវបានទទួលស្គាល់ដោយអាជ្ញាធរយោធា»។
ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើង បន្ទាប់ពីកម្លាំងសន្តិសុខ បានបង្កើនការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ទោះបីជាមានការអំពាវនាវពីអន្តរជាតិ សុំ ឲ្យ មានការអត់ធ្មត់ក៏ដោយ។
ប្រទេស មីយ៉ាន់ម៉ា មានភាពច្របូកច្របល់ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ មេដឹកនាំស៊ីវិលលោកស្រី អ៊ុង សាន ស៊ូជី កាលពីខែកុម្ភៈ ដោយមានមនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនិងរបបយោធា ដើម្បីទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោកស្រីបាននិយាយថា ការបង្ក្រាបយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស ក៏កំពុងធ្វើឱ្យស្មុគស្មាញដល់ការទទួលបានព័ត៌មានផងដែរ ដោយ យ៉ាងហោចណាស់មានអ្នកកាសែតចំនួន៣៧ នាក់ត្រូវបានចាប់ខ្លួន។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានអ្នកស្លាប់ចំនួន ១១ នាក់នៅថ្ងៃច័ន្ទ ៣៩ នាក់នៅថ្ងៃអាទិត្យ និង ១៨ នាក់នៅថ្ងៃសៅរ៍៕
ប្រភព៖ Channel News Asia ប្រសម្រួលដោយ៖ នង ណារិន